(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៩០៤នាក់។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរាយការណ៍ក្នុងលក្ខណៈចង្អៀត ពីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នាពេលកន្លងមកថ្មីៗ នេះដោយលើកព័ត៌មានត្រឡប់ដែលទាក់ទងនឹងវិស័យសុខាភិបាល មកធ្វើការវិភាគ និងដាក់ចេញជាសកម្មភាពបន្ត ដើម្បីឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ជ្រាប និងពាំនាំយកទៅអនុវត្តន៍បន្ត។
ក្រោយពីបានស្វែងយល់លើចំនុចខ្លាំង និងចំនុចខ្វះខាតរបស់សេវាសុខាភិបាល ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ បានបង្ហាញការតាំងចិត្តធ្វើការកែលំអចំនុចខ្វះចន្លោះទំាងនោះ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាឱ្យនិរន្តរភាពនៃគុណភាពសេវា ទោះបីជាមាននិន្នាការកើនឡើងនៃការមកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យសាធារណៈ និងមណ្ឌលសុខភាពក៏ដោយ។
ក្នុងការចែករំលែកបទពិសោធន៍ជាអ្នកដឹកនាំ លោកសាស្រ្តចារ្យរដ្ឋមន្រ្តី បានលើកយកចំណុចសំខាន់ៗ ដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងាររួមមាន៖ (១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ៕