(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២៥នេះ បើនិយាយអំពីទង្វើដ៏កខ្វក់របស់ថៃ ដែលបានចេញដីកាចាប់ខ្លួន និងចូលឆែកឆេរផ្ទះ
របស់លោក កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ក្រោមលេស ចោទប្រកាន់ «ប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ» គឺជារឿងដ៏គួរអស់សំណើច និងជារឿងដែលថៃ មិនមានការខ្មាស់អៀនដល់សាធារណៈមតិលើពិភពលោកសូម្បីតែបន្តិច។
ព្រោះទង្វើរបស់ថៃដែលស្ទុះស្ទារទាំងកម្រោលចូលឆែកឆេរផ្ទះលោក កុក អាន និងតែងធ្វើការលាបពណ៌យ៉ាងឃោរឃៅមកលើកម្ពុជាយ៉ាងក្ដែងៗថា «កម្ពុជា គឺជាទីកន្លែងប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញលើពិភពលោក» គឺថៃមានបំណងលាបពណ៌និងបំផ្លាញដល់សន្ដិសុខជាតិរបស់កម្ពុជា ដើម្បីបម្រើឲ្យមហិច្ឆតាគោលនយោបាយបើកកាស៊ីណូរបស់ខ្លួនតែប៉ុណ្ណោះ។ បើនិយាយឲ្យវែងឆ្ងាយជាងនេះបន្ដិច គឺថៃមានបំណងដើម្បីបង្វែរឲ្យអ្នកវិនិយោគលើវិស័យកាស៊ីណូនៅកម្ពុជា ឬភ្ញៀវលេងល្បែងកាស៊ីណូ មកពីជុំវិញលើពិភពលោក ដើម្បីងាកទៅបើកកាស៊ីណូ ឬទៅលេងល្បែងផ្សេងៗ នៅប្រទេសថៃតែប៉ុណ្ណោះ។
ព្រោះនរណាៗ ក៏គេដឹងដែរថា អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់- Paetongtarn Shinawatra បានអនុម័តជាផ្លូវការពីរដ្ឋសភាស្ដីពី «ច្បាប់បើកល្បែងស៊ីសងកាស៊ីណូ» ដូចជានៅទីក្រុងបាងកក, ប៉ាតាយ៉ា, ឈៀងម៉ៃ និងនៅភូកេត ក្នុងប្រទេសថៃ ដើម្បីលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ចរបស់ថៃ។
បើពោលឲ្យចំ ទង្វើដ៏កខ្វក់របស់ថៃនេះគេហៅថា ថៃលើកដំបងវាយសំពងសម្លាប់កាស៊ីណូនៅកម្ពុជា ដើម្បីបើកទ្វារឲ្យមានឧត្ដមភាពដល់ល្បែងស៊ីសងកាស៊ីណូរបស់ខ្លួនឯង។ ព្រោះថៃមានមហិច្ឆតាឲ្យល្បែងស៊ីសងកាស៊ីណូ របស់ប្រទេសខ្លួនក្លាយជាជើងឯកលេខ១ នៅក្នុងតំបន់ និងពិភពលោក។
ជាសរុប លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ហេតុនេះរាល់ទង្វើរបស់ថៃ ដែលបានចោទប្រកាន់ទៅលើលោក កុក អាន ឬលាបពណ៌ចោទប្រកាន់មកលើកម្ពុជា ថាកម្ពុជាគឺជាទីកន្លែងប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញលើពិភពលោក ឬយ៉ាងនេះយ៉ាងនោះ គឺជារឿងប្រឌិតបំភ្លៃរបស់ថៃសុទ្ធសាធ ហើយការប្រឌិតបំភ្លៃរបស់ថៃនេះទៀតសោត គីរាក់កំផែលដូចក្មេងបៀមដៃ មិនខុសពីក្មេងដែលមិនទាន់ចេះស្លៀកខោនោះទេ។ ជាក់ស្ដែងក្នុងថ្ងៃនេះដែរ យើងឃើញគណបក្សភឿ ថៃ Pheu Thai របស់លោក ថាក់ ស៊ីន បានប្រើល្បិចធ្វើជាប្រកាសផ្អាកច្បាប់បើកល្បែងស៊ីសងកាស៊ីណូខ្លួនយ៉ាងតក់ក្រហល់ រញីរញ័រ យ៉ាងរញ៉េរញ៉ៃនិងគួរឲ្យចង់សើច។ នេះហើយគេហៅថា «សៀមជាមេខាងប្រឌិតបំភ្លៃរឿង និងជាមេភូតភរមិនចេះខ្មាស់ខ្លួនឯង» គ្មានពីរក្នុងលោក៕