(ស្ទឹងត្រែង)៖ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន នៃក្រសួង អប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការអប់រំពហុភាសា ២០២៤-២០២៨ ដល់លោកគ្រូ អ្នកគ្រូ និង អ្នកពាក់ព័ន្ធ អង្គការដៃគូ ក្នុងវិស័យអប់រំ ដែលមកពី ខេត្តចំនួន៥រួមមាន ខេត្ត មណ្ឌលគីរី ខេត្តរតនគីរី ខេត្តក្រចេះ ខេត្តព្រះវិហា និងខេត្តស្ទឹងត្រែង នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។
ដោយសិក្ខាសាលាមានរយៈពេល ១ថ្ងៃពេញ ស្ថិតក្រោមអធិបតីភាពលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងមានការអញ្ចើញចូលរួមពីប្រតិភូក្រសួងអប់រំ តំណាងក្រសួងពាក់ព័ន្ធ គណៈអភិបាលស្រុកដែលមកខេត្តទាំង៥ អង្គការដៃគូជាច្រើននាក់។
ក្រោយពីបានស្តាប់របាយការណ៍ របស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន នៃក្រសួង អប់រំ យុវជន និងកីឡា រួចមកមានប្រសាសន៍បើកសិក្ខាសាលា លោក ណុះ ស្លេះ បានលើកឡើងថា នៅប្រទេសកម្ពុជាបានផ្តល់សេវាអប់រំដោយឥតប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
ជាមួយគ្នានេះ លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាក៏បានផ្តល់កម្មវិធីអប់រំពហុភាសា ដែលរៀនភាសាកំណើតជាស្ពានចម្លង ឆ្ពោះទៅរៀនភាសាជាតិសម្រាប់កុមារជនជាតិដើមភាគតិចប្រមាណ ៧០០០នាក់ ជារៀងរាល់ឆ្នាំ ទាំងមត្តេយ្យ សិក្សា និងបឋមសិក្សា ដោយមានកម្មវិធីសិក្សា សៀវភៅសិក្សាស្របកម្មវិធីសិក្សាជាតិ ហើយផ្សាភ្ជាប់នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់បងប្អូនសហគមន៍នីមួយៗ រួមទាំងកំណត់ដោយប្រកាស និងសេចក្តីណែនាំ ផងដែរ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាព ស្តីពីការអប់រំពហុភាសា ២០២៤-២០២៨ នេះជាដំណាក់កាលទី២ ហើយរបស់ក្រសួងអប់រំ បានអនុវត្តដោយក្នុងដំណាក់កាលទី១ ពីឆ្នាំ ២០១៩ ដល់២០២៣ ។ ក្នុងនោះផងដែរដើម្បីធានាថាការអនុវត្តមានប្រសិទ្ធភាព លោកបាន ផ្តល់នូវអនុសាសន៍៤ សម្រាប់ជួយជំរុញការអនុវត្តផែនការនេះ៖
ទី១៖ ត្រូវពិនិត្យ និងអភិវឌ្ឍកម្មវិធីសិក្សា សៀវភៅសិក្សា និងសម្ភារសិក្សាសម្រាប់កម្មវិធីអប់រំ ពហុភាសា ស្របតាមកម្មវិធីជាតិ ដោយផ្សាភ្ជាប់នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ សហគមន៍ រួមទាំងបញ្ចូលនូវការអភិវឌ្ឍបរិស្ថាន គ្រោះមហន្តរាយ បំរែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រ
ទី២៖ ពង្រឹងសមត្ថភាពគ្រូបង្រៀន គ្រូបង្គោល ទាំងវិធីសាស្ត្រ បច្ចេកទេស ជាពិសេសការប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ជួយក្នុងការបង្រៀនសិស្សថ្នាក់អប់រំពហុភាសា
ទី៣៖ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តក្រចេះ និងព្រះវិហារ ត្រូវបន្តពង្រឹងគុណវុឌ្ឍគ្រូឧទ្ទេសផ្នែកអប់រំពហុភាសា ដោយបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងសិក្សាស្រាវជ្រាវបន្ថែមតាមតម្រូវការជាក់ស្តែង
និងទី៤៖ ពង្រឹង និងពង្រីកការសហការ និងការកៀគរធនធានពីដៃគូអភិវឌ្ឍ និងសប្បុរសជន ដើម្បីអភិវឌ្ឍសាលារៀន មូលធនមនុស្ស រួមទាំងមានការកើនឡើងនូវការចេះភាសាកំណើត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ណុះ ស្លេះ សង្ឃឹមយ៉ាងមុតមាំថាសម្រាប់ផែនការសកម្មភាពស្តីពីការអប់រំពហុភាសា២០២៤-២០២៨ នឹងមានតម្លៃ អាចយកទៅអនុវត្តបានក្នុងការផ្តល់សេវាអប់រំ ដល់កុមារជនជាតិដើមភាគតិច ឱ្យមានការអភិវឌ្ឍសមត្ថភាព ស្របទៅនឹងតម្រូវការទីផ្សារការងារ និងចូលរួមចំណែកស្ថាបនាសង្គមជាតិប្រកបដោយសក្តានុពល។
លោកបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងកក់ក្តៅ ចំពោះដៃគូអភិវឌ្ឍនានា ដែលនៅតែ បន្តជួយឧបត្ថម្ភ និងគាំទ្រ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីអប់រំថ្នាក់ខេត្ត ស្រុក សាលារៀន គ្រូបង្រៀន អាជ្ញាធរមូលដ្ឋាន ខេត្តទាំង៥ អង្គភាពពាក់ព័ន្ធសូមយកចិត្តទុកដាក់លើការអនុវត្តដើម្បីពង្រឹងការងារអប់រំពហុភាសាឱ្យមាន ដំណើរការល្អប្រកបដោយគុណភាព និងប្រសិទ្ធភាពដូចបានដាក់ចេញនូវសកម្មភាពជាអាទិភាពក្នុងផែនការសកម្មភាព ស្តីពីការអប់រំពហុភាសា២០២៤-២០២៨ យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព៕