(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការ នៃកម្មវិធីថាមពលឆ្លាតវៃ (PowerWise) ដែលជាកម្មវិធីផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពល នៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។
នេះជារដូវកាលថ្មី បន្ទាប់ពីភាពជោគជ័យនៃការប្រកួតប្រជែងពីររដូវកាលកន្លងមក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា(CEEComp)។ កម្មវិធី PowerWise គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្មវិធីនេះស្របតាមផែនការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។
មន្ត្រីនាំពាក្យបានបញ្ជាក់ថា កម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា៖ គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន ១៩% នៅឆ្នាំ២០៣០។
លោក ខ្វៃ អាទិត្យា បានថ្លែងយ៉ាងដូច្នេះថា៖ «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល។ ដូច្នេះរួមចំណែកដល់ការកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់»។
អ្នកនាំពាក្យ បានបន្ថែមថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ចំនួន២លើករួចមកហើយ។ ទាំងរដូវកាលទី១ និងរដូវកាលទី២ ការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្មចំនួន៤០ បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់ប្រមាណ ៣៥០តោន។ នៅប្រទេសកម្ពុជា វិស័យអគារ និងការដ្ឋានមានការប្រើប្រាស់ថាមពលជាងពាក់កណ្ដាល នៃថាមពលប្រើប្រាស់សរុប ដែលជាវិស័យមានតម្រូវការថាមពលច្រើនជាងគេ នាំមុខវិស័យឧស្សាហកម្ម និងដឹកជញ្ជូន។ ជាមួយគ្នានេះការប្រើប្រាស់ថាមពលនៅក្នុងអគារត្រូវបានព្យាករណ៍ថានឹងកើនឡើងច្រើនជាងពីរដង ត្រឹមឆ្នាំ២០៤០។ ដូចនេះ ក្រុមហ៊ុនមួយចំនួននៅកម្ពុជាបានចូលរួមនាំមុខ និងសម្រេចចិត្តដោះស្រាយបញ្ហានេះតាមរយៈការចូលរួមជាមួយកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា។
កម្មវិធី PowerWise នឹងជំរុញឱ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន៤០ ទៅ៥០ នៅទូទាំងប្រទេសកម្ពុជា។ គម្រោងផ្តួចផ្តើមនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មប្រមាណ២០ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។
បើតាមលោក Mr. Frantz Vaganay នាយកក្រុមហ៊ុន សិវែ យល់ថា កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យថាមពលរបស់ខ្លួនយ៉ាងសកម្ម ដែលរួមមានតម្រូវការនៃការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថេរភាព និងតម្លៃសមរម្យ។
ដូចគ្នានេះដែរ កញ្ញា ម៉ូ សេត យ៉ាដាណា នាយិកាផ្នែកលក់ និងទីផ្សារពីសណ្ឋាគារ និងអាផាតមេន ហ៊ីម៉ាវ៉ារី គាំទ្រដល់កម្មវិធីនេះ ដោយលើកឡើងថា ការរួមចំណែកក្នុងការសម្រេចបានទិសដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ តាមរយៈការសិក្សាដោយគូសបញ្ជាក់ពីបញ្ហាប្រឈមជាអាទិភាពដោយត្រូវការដំណោះស្រាយជាបន្ទាន់បានបង្ហាញថា រហូតដល់៣០ភាគរយ នៃថាមពលដែលប្រើប្រាស់នៅក្នុងអគារពាណិជ្ជកម្ម ត្រូវបានខ្ជះខ្ជាយ។
ជាការឆ្លើយតប កម្មវិធី PowerWise រដូវកាលទី៣ ផ្តល់នូវការគាំទ្រផ្អែកលើលក្ខខណ្ឌជាក់ស្តែងរបស់អ្នកចូលរួម និងការផ្តល់ជូននូវឧបករណ៍ សម្ភារឧបទេសន៍ទំនើបៗដល់អ្នកចូលរួម។ កម្មវិធីនេះផ្តល់នូវមគ្គុទេសក៍ និងដំបូន្មានពីអ្នកជំនាញ ដំណោះស្រាយតាមតម្រូវការ និងជំរុញការផ្លាស់ប្តូរអាកប្បកិរិយាដ៏មានអត្ថន័យ។
រាជរដ្ឋាភិបាលកម្ពុជា (RGC) អនុវត្តគោលការណ៍កំណើនបៃតងនៅក្នុងផែនការយុទ្ធសាស្ត្រ និងការអភិវឌ្ឍរបស់ខ្លួន។លោកកត់សម្គាល់ថា៖ «យើងប្ដេជ្ញាចិត្តចំពោះសកម្មភាពធាតុអាកាស និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងវិស័យទាំងអស់តាមរយៈការផ្តល់អាទិភាពដល់វិធីសាស្ត្រកំណើនបៃតង»។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នកម្ពុជាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១កន្លែង កំពុងដំណើរការដែលមានអានុភាពសរុប ៤២២មេហ្កាវ៉ាត់។ កម្ពុជាជាប្រទេសឈានមុខគេមួយលើការប្រើប្រាស់ថាមពលស្អាត។ កម្ពុជាទាញប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឱ្យបាន ៧០ភាគរយ នៅឆ្នាំ២០៣០។ ក្រៅពីវារីអគ្គិសនីចំនួន០៨ ដែលមានអានុភាពសរុប ១,៣២៩មេហ្កាវ៉ាត់ និងស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១កន្លែង មានអានុភាពសរុប ៤២២មេហ្កាវ៉ាត់ ដែលកំពុងដាក់ឱ្យដំណើរការ កម្ពុជាកំពុងសិក្សាអភិវឌ្ឍប្រភពអគ្គិសនីដោយថាមពលខ្យល់ផងដែរ៕
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី PowerWise និងរបៀបចុះឈ្មោះចូលរួម សូមទំនាក់ទំនង៖
• LinkedIn: https://www.linkedin.com/company/69242983/admin/dashboard/
• Email: [email protected] ឬ
• ០១៥ /០៨៩ ៩១ ៩ ៥៦៨