(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងតំបន់ក្រុងតាខ្មៅនេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាក ក្នុងការធ្វើដំណើរ ខូចខាតសម្ភារពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ។
លោកបានជំរុញឲ្យក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ពន្លឿនការសាងសង់ឱ្យបានលឿន និងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។
ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ គម្រោងស្ថាបនាលូប្រអប់ផ្លូវ១០៨ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកសុំការយោគយល់អធ្យាស្រ័យពី ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។
បើតាមលោក បូរី វង្សសានីត ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងថា ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូយជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខនេះ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕