(កណ្តាល)៖ រដ្ឋបាលក្រុងតាខ្មៅ សហការជាមួយអង្គការ River Cleanup Belgium (RCB) និង River Ocean Cleanup (ROC) មន្ទីរបរិស្ថានខេត្តកណ្តាល នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកក្រុមការងារ និងមានការចូលរួមពីប្រជាពលរដ្ឋ ព្រះសង្ឃ យុវជន UYFC សិស្សានុសិស្ស មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ៣៣៥នាក់ បានរួមគ្នាចុះសំអាតសំណល់ប្លាស្ទិក នៅក្រោមស្ពានព្រែកសំរោង ក្នុងសង្កាត់តាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន។

លើកឡើងនាឱកាសនោះលោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ ក៏បានគូសរំលេចពីផលប៉ះពាល់ដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ដែលនាំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត។

លោក ឡាយ សំរិទ្ធ បានបន្ថែមទៀតថា សម្រាប់ក្រុងតាខ្មៅ មន្ត្រីជំនាញ តែងតែមានវិធានការចុះសំអាតបរិស្ថាន និងមានការចុះប្រមូលសំរាម និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវជាប់ជានិច្ច ហើយរដ្ឋបាលក្រុងតាខ្មៅ តែងតែចុះសំអាតជាញឹកញាប់នៅគ្រប់សង្កាត់ទាំងអស់, ក្រៅពីសំអាតបរិស្ថានលើសំរាមនេះ ក៏មានការចុះសំអាតខ្សាច់តាមដងផ្លូវ ការលាងតាមដងផ្លូវសំខាន់ៗជាញឹកញាប់ ដែលនេះជាការចូលរួមចំណែកក្នុងការសំអាតបរិស្ថានផងដែរ។

ជាមួយគ្នានោះលោក Thomas De Groote ស្ថាបនិកនៃ River Cleanup Belgium បានលើកឡើងថា មធ្យោបាយដ៏មានប្រសិទ្ធភាព និងមានប្រសិទ្ធភាពបំផុតក្នុងការសំអាតទន្លេ គឺការបញ្ឈប់ការចោលប្លាស្ទិក ទៅក្នុងកន្លែងដំបូង ។ ដូច្នេះហើយបានជាយើងផ្តោតលើការសំអាតសំណល់ប្លាស្ទិកតាមមាត់ទន្លេ មុនពេលវាហូរចូលផ្លូវទឹក។

លោក Thomas De Groote បានបន្ថែមថា ដើម្បីបង្កើនការផ្លាស់ប្តូរជាវិជ្ជមាន ROC បានបញ្ជូនក្រុមមន្រ្តីពិសេស Marine Plastic Management Officers របស់ខ្លួនដែលបំពាក់ដោយទូកកំចាតសំរាម ដើម្បីប្រមូលប្លាស្ទិកដែលអណ្តែតលើផ្ទៃទឹកទន្លេ បញ្ចៀសពីការបំពុលទឹកដោយសំណល់ប្លាស្ទិកទាំងនោះ និងធានាថាទាំងដី និងទឹកស្អាត មានអនាម័យល្អបន្ទាប់ពីចប់កម្មវិធី អ្វីដែលសំខាន់បំផុតគឺសម្មភាពថ្ងៃនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ អាកប្បកិរិយាក្នុងចំណោមសហគមន៍មូលដ្ឋាន ដើម្បីបញ្ឈប់ការចោលសំរាមក្នុងទន្លេ។

លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានកោតសរសើរចំពោះសកម្មភាពនេះ និងបានបញ្ជាក់ថា សកម្មភាពនេះបានចូលរួមចំណែកដោយផ្ទាល់ដល់យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថានគឺ «ស្អាត បៃតង និងចីរភាព»។ លោកបានបញ្ជាក់ពីការបន្តគាំទ្រចំពោះអង្គការសំអាតទន្លេ សមុទ្រ និង អង្គការសំអាតទន្លេ ប្រទេសបែលហ្សិក (River Cleanup) ក្នុងការរក្សាទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ គ្មានប្លាស្ទិកផងដែរ៕