(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ពាក់ព័ន្ធការដកហូតសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងពីផលវិបាកនៃការដកសញ្ជាតិខ្មែរ។
បើតាមលោក កើត រិទ្ធ ផលលំបាកនៃការដកសញ្ជាតិខ្មែរ គឺទី១ មិនមានសញ្ជាតិខ្មែរ និងទី២ មិនមានសិទ្ធិកាន់កាប់ដីធ្លី និងប្រកបវិជ្ជាជីវៈទាំងឡាយណា ដែលតម្រូវឲ្យមានសញ្ជាតិខ្មែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដកសញ្ជាតិហើយ ផលលំបាកទី១ គឺអត់មានសញ្ជាតិខ្មែរ។ អីចឹង ភាពលំបាក ឧទាហរណ៍ថា រឿងដីធ្លីកម្ពុជា ដែលគេចែងថា មានតែពលរដ្ឋខ្មែរទេ ដែលមានសិទ្ធិជាកម្មសិទ្ធិ ឧទាហរណ៍ថា គាត់កំពុងប្រកបវិជ្ជាជីវៈអ្វីមួយ កំណត់ថា ត្រូវតែជាខ្មែរ អីចឹងពេលគាត់អស់សញ្ជាតិខ្មែរ គាត់លែងធ្វើបានហើយ»។
សូមជម្រាបថា សមាជិករដ្ឋសភា ១២៥រូប បានអនុម័តជាឯកច្ឆន្ធលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជាហើយ នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ សេចក្តីស្នើច្បាប់នេះ ជាការបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយគប់គិត ជាមួយបរទេស។
ការធ្វើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកខាងក្រៅចូលមកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ ដោយគប់គិតនឹងបរទេស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា និងផលប្រយោជន៍របស់ជាតិ។
បើតាមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ការធ្វើច្បាប់ដកសញ្ជាតិជនក្បត់ប្រយោជន៍ជាតិ គឺដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិ និងលើកតម្កើងស្មារតីស្មោះត្រង់នឹងជាតិ។ ដូច្នេះ ដើម្បីកុំឲ្យត្រូវបានដកសញ្ជាតិខ្មែរ ទាល់តែបុគ្គលរូបនោះស្មោះត្រង់នឹងជាតិ និងស្នេហាជាតិ៕