(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦ (គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា) និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងជារួមថា​ នេះគឺជាលើកទី១ ក្នុងប្រវត្តិសាសស្រ្តនៅកម្ពុជា ដែលប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី រួមគ្នាធ្វើវិសោធនកម្មច្បាប់។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពី ការដកសញ្ជាតិខ្មែរ បន្ទាប់ពីប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អង្គ វង្សវឌ្ឍនា និងលោក កើត រិទ្ធ បានចាត់ទុកថា នេះជាការរួមគ្នាជាធ្លុងមួយ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១១។

លោក អង្គ វង្សវឌ្ឍនា បញ្ជាក់យ៉ាងដូច្នេះថា «នេះគឺជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់យើងដែលកម្ពុជាយើង​ បានសម្រេច មានសម្ដេចប្រធានសភា ហើយក៏បូកនឹងជាមួយនឹង សម្ដេចធិបតីនាយករដ្ឋមន្រ្តី​ រួមគ្នា ដើម្បីសុំប្ដូរវិសោធនកម្ម នៅលើមាត្រា ៣៣ នេះ ព្រោះនេះជាសក្ខីភាពមួយដែលបង្ហាញនូវទាំងឧត្ដមគតិជាតិ និងមនសិការជាតិ»

ដោយឡែក លោក កើត រិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់វិសោធនកម្មលើកទី១១នេះ គឺជាការផ្ដើមគំនិតរួមគ្នា ដោយរដ្ឋសភា និងរាជរដ្ឋាភិបាល គឺសម្ដេចប្រធានរដ្ឋសភា ដោយមានសេចក្ដីស្នើសុំពី អ្នកតំណាងរាស្ដ្រទាំង១២៥រូប និងសម្ដេចនាយករដ្ឋមន្រ្តី បានធ្វើលិខិតរួមគ្នាតែម្ដងថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ជាតិខ្មែរ»

ថ្លែងចំពោះមុខអ្នកសារព័ត៌មាន លោក កើត រិទ្ធ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺផ្អែកលើមាត្រា ១៥៣ ថ្មី និងមាត្រា ១៤៣ ថ្មីនៃរដ្ឋធម្មនុញ្ញ។ យោងតាមមាត្រា ១៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញមានឥស្សរជនជាន់ខ្ពស់របស់ជាតិតែ ៣រូបប៉ុណ្ណោះ ដែលមានសិទ្ធិផ្ដើមគំនិតធ្វើវិសោធនកម្ម។ លោកបន្តថា ឥស្សរជនទាំង ៣រូបនោះរួមមាន៖ ទី១៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទី២៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទី៣៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងការស្នើសុំរបស់តំណាងរាស្ត្រយ៉ាងតិច ១ភាគ៤នៃសមាជិករដ្ឋសភាទាំងមូល។

បើតាមលោក កើត រិទ្ធ នេះគឺជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយហេតុថា ការធ្វើវិសោធនកម្មទាំង១០លើក កន្លងមក គឺជាការផ្ដើមគំនិតដាច់ដោយឡែកពីគ្នា ឬមួយពីរដ្ឋសភា ឬមួយពីរាជរដ្ឋាភិបាល។ ម៉្យាងទៀត ការធ្វើវិសោធនកម្មលើកនេះ មានលក្ខណៈពិសេសដោយឡែកមួយទៀត ដោយហេតុថា ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្ត ដែលតំណាងរាស្រ្តទាំងអស់នៃរដ្ឋសភា និងពីគ្រប់គណបក្សនយោបាយទាំងអស់ ដែលមានអសនៈក្នុងរដ្ឋសភា បានរួមគ្នាស្នើសុំវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា​ មាត្រា ១៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។ មាត្រា ១៥៣ ថ្មីដដែល បានបញ្ជាក់ថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័ត ដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕