(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានថ្លែងថា ការធ្វើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកខាងក្រៅចូលមកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងឱកាសរដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ពាក់ព័ន្ធការដកហូតសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកខាងក្រៅចូលមកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ ដោយគប់គិតនឹងបរទេស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា និងផលប្រយោជន៍របស់ជាតិ»។
បើតាម លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្របតាមមូលដ្ឋានខាងលើនេះហើយ ទើបសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានរៀបចំអនុវត្តនូវនីតិវិធីមាត្រា១៤៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា «ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ»។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ព្រះមហាក្សត្រ បានប្រទានព្រះរាជសារ ដោយភ្ជាប់មតិក្រុមប្រឹក្សាធម្មនុញ្ញថា វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ អាចធ្វើទៅបាន។
លោកបានបន្តថា ខ្លឹមសារថ្មីមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។
សូមជម្រាបថា សមាជិករដ្ឋសភា ១២៥រូប បានអនុម័តជាឯកច្ឆន្ធលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជាហើយ នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ សេចក្តីស្នើច្បាប់នេះ ជាការបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយគប់គិត ជាមួយបរទេស៕