(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៧៥ ដែលបានប្រព្រឹត្តនៅខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា គោលបំណងនៃការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សំដៅលើកកម្ពស់ សមត្ថភាព និងគុណភាព ដល់ភ្នាក់ងារសន្តិសុខឯកជន ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
លោកបន្ដថា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ក៏បានកើតចេញពីការចូលរួមរបស់ភ្នាក់ងារសន្តិសុខឯកជន មួយចំណែកផងដែរ ដែលជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន បានសហការ និងផ្តល់កិច្ចសហការ ចូលរួមបង្ការទប់ស្កាត់បទល្មើសនានា នៅតាមទីតាំងគោលដៅរបស់ខ្លួនធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ បទល្មើសមួយចំនួន បានកើតឡើងទៅតាមទីតាំងស្នាក់នៅ ដែលក្រុមឧក្រិដ្ឋជន ពួនសម្ងំ ប្រព្រឹត្តបទល្មើសដូចជា៖ ការផលិតគ្រឿងញៀន ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរឹតទារប្រាក់ ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម អំពើលួចគាស់ជាដើម។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ មេត្តាយកចិត្តទុកដាក់ពង្រឹងវិធានការសន្តិសុខ សុវត្ថិភាព និងត្រូវផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ក្នុងការបង្រ្កាបបទល្មើសនៅតាមទីតាំងរស់នៅដូចជា៖ បុរី ខុនដូរ អាតមិន សណ្ឋាគារ កាស៊ីណូ រីសត និងសំណង់អគារធំៗ ដែលជាកន្លែងលាក់ខ្លួនរបស់ ក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស និងតែងតែមានបទល្មើស។
លោកបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។
រយៈពេល២ថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដែលសន្តិសុខឯកជនបាននិងកំពុងជួបប្រទះកន្លងមក ដូច្នេះបានយល់ដឹងយ៉ាងច្បាស់អំពី៖ តួនាទី និងភារកិច្ច, កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន, វិធីសាស្ត្រការពារគោលដៅ, ការស្វែងយល់អំពីចរាចរណ៍ផ្លូវគោក, ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជួយសង្គ្រោះពីអគ្គិភ័យ, ការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់៕