(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ។

បណ្ឌិត កៅ ថាច បានមានប្រសាសន៍បន្តថា ការបង្កើតអាជីវកម្មថ្មីក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺ ពិតជាមានសារៈសំខាន់ណាស់ពោល ការវិនិយោគនៅពេលអនាគត ក្រៅពីទទួលបានប្រាក់ចំណេញ និងបន្សល់ទុកនូវមរតនិងស្នាដៃ ដល់កូនចៅយើងអ្នកជំនាន់ក្រោយ ។

លើសពីនេះ លោកបណ្ឌិតប្រតិភូបានចាត់ទុក សហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គម។

ទន្ទឹមនោះ លោមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេលអនាគត គឺស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញបានបង្ហាញឲ្យឃើញពីសារៈសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាកំពុងតែដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារថ្មីជាដើម។

បណ្ឌិត កៅ ថាច បានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះមិនត្រឹមតែជាវេទិកាពិភាក្សាស្តីពីសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចពិភាក្សាបើកទូលាយដ៏ធំលើប្រធានបទផ្សេងៗគ្នាដូចជា ខាងផ្នែកកសិកម្ម ហិរញ្ញប្បទានបន្ថែមទៀត ការផ្តល់ឱកាសនិងវិស័យផ្សេងៗទៀត ដែលនឹងមានការវិនិយោគនាពេលអនាគតទៀត សំរាប់ចូលរួមចំណែកយ៉ាងធំ ក្នុងការកសាងជាតិ។

លោកបណ្ឌិតប្រតិភូបានរំលឹកជូនសិក្ខាសិលានិងកិច្ចពិភាក្សានោះថា បើនិយាយពីការវិនិយោគនេះ មនុស្សភាគច្រើនគិតពីបញ្ហាលុយឬប្រាក់ចំណេញ ប៉ុន្តែពាក្យថា ការវិនិយោគសម្រាប់ពេលអនាគតមានន័យធំជាងប្រាក់ចំណេញទៅទៀតទាំងការវិនិយោគលើថាមពលរបស់យើងដែលកើតចេញពីការវិនិយោគលើវិស័យផ្សេងៗគ្នា ព្រមទាំងគុណតម្លៃ និងចក្ខុវិស័យ សំដៅរួមគ្នាក្នុងការកសាងជាតិ។

លើសពីនេះកម្ពុជាក៏សម្រេចបាននូវសមិទ្ធផលលើវិស័យសំខាន់ៗជាអទិភាពរួមមាន ការបង្កើតការងារធ្វើ ការលើកស្ទួយវិស័យឯកជននិងសហគ្រិនភាព ការកសាងមូលធនមនុស្ស ការលើកស្ទួយសេវាគាំពារសង្គម និងសុខមាលភាពរបស់ប្រជាជននិងការពង្រីក ពង្រឹងចីរភាពបរិស្ថាន ការឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ការជំរុញធ្វើបដិវត្តកម្មឌីជីថលក្នុងសង្គមសេដ្ឋកិច្ច,ការស្តារនូវវិស័យជន្ទុលនៃកំណើនសេដ្ឋកិច្ចដែលមានស្រាប់ក៏ដូចជា ការលើកកម្ពស់វិស័យមានសក្តានុពលមួយចំនួនទៀត។

លោកបណ្ឌិត កៅ ថាច បានបន្ថែមថា ការវិនិយោគសំរាប់អនាគត គឺ ការវិនិយោគលើមូលធនមនុស្ស គឺមនុស្សមានចំណេះដឹងខ្ពស់ ព្រមទាំងជំនាញដែលរួមមាន ទាំងគុណធម៌ សុជីវធម៌ និងសីលធម៌ថែមទៀត។ ជាចុងក្រោយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ដែលនឹងបន្សល់ទុកជាមរតកឬកេរ្តិ៍ឈ្មោះល្អ ក្នុងរយៈពេលវែងរហូតដល់ ១០ឆ្នាំក្រោយទៀត ពោលដូចជា ការវិនិយោគថាមពលកកើតឡើងវិញ មិនមានការបំភាយដល់ភពផែនដីយើងសំរាប់ដល់អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ជូនថា សិក្ខាសិលាស្តីពីការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី រៀបចំឡើងនៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ នាថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពី លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង,លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ដោយឡែកនៅក្នុងកម្មវិធីនោះ សមាគមសហគ្រិនវ័យកម្ពុជាក៏បានមានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗគឺ លោក នុត អ៊ុនវ័ណរ៉ា និងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដោយមានការសម្របសម្រួលពី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

សម្រាប់បណ្ឌិត កៅ ថាច បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិន ប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេសវ័យក្មេងដ៏ឆ្នើមពោពេញទៅដោយសមត្ថភាព ចំណេះដឹង និងថាមពល គឺ រាជរដ្ឋាភិបាលកន្លងបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រា ៥ភាគរយ២០២៣និង៦ភាគរយនៅឆ្នាំ២០២៤ ដែលជាកំណើនមួយខ្ពស់ បើធៀននិងកំណើនមធ្យមនៅក្នុងតំបន់អាស៊ានរបស់យើង៕