(ភ្នំពេញ)៖ ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក (Qalesis Food Co.,Ltd) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាដោយសហគ្រិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី កំពុងស្វះស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករ ក្នុងបរិមាណដ៏ច្រើន​ គឺ១០ម៉ឺនតោនក្នុង១ខែ ឬ១.២លានតោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារសក្តានុពលរបស់ខ្លួន។

សិក្ខាសាលាទិញលក់ស្រូវអង្ករ ដែលមានការចូលរួមពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ សមាគម សហគមន៍ កសិករមកពីបណ្តាខេត្តនានា ត្រូវបានរៀបឡើងពេញ១ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារណាហ្គាវើលដ៍១ ក្នុងគោលបំណង ដើម្បីស្វែងរកការសហការផ្គត់ផ្គង់អង្ករ សម្រាប់នាំចេញ។

លោក ស វាសនា នាយកក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក បានធ្វើបទបង្ហាញលម្អិតអំពីចក្ខុវិស័យ និងបេសកកម្មក្រុមហ៊ុនរបស់លោក ក្នុងការជួយជំរុញការនាំចេញអង្ករកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ជួយឱ្យតម្លៃកសិផលក្នុងស្រុកមានស្ថិរភាព មានលំនឹងទីផ្សារច្បាស់លាស់ និងគាំទ្រគោលនយោបាយជំរុញការនាំចេញរបស់រាជរដ្ឋាភិបាល។

លោក ស វាសនា អះអាងថា ក្រុមហ៊ុនរបស់ខ្លួនមានដៃគូវិនិយោគពីសិង្ហបុរី ដែលមានបទពិសោធន៍ទិញលក់ស្រូវអង្ករ ប្រមាណ២០ឆ្នាំ មានផែនការទិញអង្ករពីកម្ពុជាចំនួន ១.២លានតោនក្នុង១ឆ្នាំ ឬ១០ម៉ឺនតោនក្នុង១ខែ សម្រាប់រយៈពេលកុងត្រា ២០ឆ្នាំ ដើម្បីនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក និងប្រទេសដទៃទៀត។ ចំណែកប្រភេទអង្ករភាគច្រើន គឺអង្ករប្រភេទ OM 5451, អង្ករ IR 504 និងប្រភេទអង្ករក្រអូបមួយចំនួនផងដែរ។

លោក វាសនា​ បានលើកឡើងពីភាពខ្លាំងរបស់ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន គឺក្រុមហ៊ុនមានទីផ្សារស្រាប់ មានទុនផ្ទាល់ខ្លួន និងមានកប៉ាល់ដឹកទំនិញផ្ទាល់ខ្លួន ដែលកាត់បន្ថយថ្លៃចំណាយបានច្រើន។

ប៉ុន្តែជាយ៉ាងណា នាយកក្រុមហ៊ុនរូបនេះលើកឡើងថា «ដើម្បីឱ្យការងារនាំចេញអង្កររបស់យើងបានជោគជ័យ គឺត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការអនុញ្ញាតឱ្យកប៉ាល់របស់យើង ចូលមកដឹកអង្ករនាំចេញដោយរួចពន្ធ និងគាំទ្រក្រុមហ៊ុនឱ្យអាចបង្កើតតំបន់ FreeZone ដែលក្រុមហ៊ុនចង់វិនិយោគនៅខេត្តកំពត»

លោក Kez Low សហស្ថាបនិកក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយបានលើកឡើងថា រយៈពេល២០កន្លងមកនេះ ក្រុមហ៊ុនរបស់ខ្លួន ធ្លាប់តែទិញអង្ករពីប្រទេសវៀតណាម ប៉ុន្តែដោយសារអង្កររបស់កម្ពុជា មានគុណភាពល្អជាងគេ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក ទើបលោកសម្រេចសហការជាមួយដៃគូកម្ពុជា ប្រមូលទិញអង្ករកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសនៅអាហ្វ្រិក។

លោកថា អ្វីដែលលោកកំពុងតែខិតខំធ្វើនៅពេលនេះ គឺការដឹកជញ្ជូនតែប៉ុណ្ណោះ ប្រសិនអ្វីៗដំណើរការល្អលោកជឿជាក់ថា គម្រោងនៃការនាំចេញអង្ករកម្ពុជា អាចដំណើរការបាននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ក្នុងឱកាសនោះដែរ ក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ក្នុងការទិញលក់អង្កររវាងក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក និងក្រុមហ៊ុនផ្គត់ផ្គង់អង្ករចំនួន២ គឺក្រុមហ៊ុន លឹម ហេងលាភ ត្រេដីង និងក្រុមហ៊ុន Capital Food Investment Import Export Co.,Ltd ដែលតាមរយៈ MoU នេះ ក្រុមហ៊ុនទាំងពីរធានាផ្គត់ផ្គង់អង្ករចំនួន ២.៥ម៉ឺនតោនក្នុង១ខែ (២ក្រុមហ៊ុនចំនួន ៥ម៉ឺនតោន) ជូនក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក ដើម្បីនាំចេញផងដែរ។

សូមជម្រាបថា ក្រៅពីរកស៊ីលើជំនួញនាំចេញអង្ករហើយនោះ ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក ក៏មាននាំចេលនូវជីកសិកម្ម ពីប្រទេសសិង្ហបុរី គឺជីបំប៉ន DK-20 ដែលជាជីសរីរាង្គមានគុណភាពខ្ពស់៕