(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ វិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ដែលតំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាព របស់ជាតិខ្មែរទាំងមូល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកស្រី ឧត្តមសេនីយឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ។

ក្នុងដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងចំណាប់អារម្មណ៍ថា ពេលបានអញ្ជើញមកដល់វិមានឈ្នះ ឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក នយោបាយឈ្នះ ឈ្នះ និងជាប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិជូនមាតុភូមិកម្ពុជា។ ជាមួយគ្នានេះ នយោបាយឈ្នះ ឈ្នះ ក៏ជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍ និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា ដោយសារតែវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលហ៊ានប្រថុយ យកជីវិតធ្វើជាដើមទុន ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ ប៉ុល ពត។ ការលះបង់គ្រប់យ៉ាងរបស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាក្លាយមកជាប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យមកទល់ពេលបច្ចុប្បន្ននេះ៕