(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក! ឧបនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានកត់សម្គាល់តាមរយៈសមិទ្ធផលសំខាន់ៗនៅគ្រប់សសរស្តម្ភនៃ សហគមន៍អាស៊ាន ជាពិសេសចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២២។ កិច្ចប្រជុំបានស្វាគមន៍ការអនុវត្តពេញលេញនូវផែនការសកម្មភាពបច្ចុប្បន្ន (២០២១-២០២៥) និងឧបសម្ព័ន្ធ និងទន្ទឹងរង់ចាំផែនការសកម្មភាពថ្មី ដែលស្របនឹង ចក្ខុវិស័យ «អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមរបស់យើង»។
ក្នុងន័យនេះកិច្ចប្រជុំបានទន្ទឹងរង់ចាំការ អនុម័តសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១៣ នៅខែតុលា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល អាស៊ាន (DEFA) ដែលជាមូលដ្ឋានគ្រឹះជួយដល់សេដ្ឋកិច្ចឌីជីល ដែលប្រកបដោយភាពធន់ បរិយាប័ន្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតបន្ថែមទៀត និងបានអំពាវនាវឱ្យមានកិច្ចសហការកាន់តែស៊ីជម្រៅលើបរិវត្តកម្មឌីជីថល នវានុវត្តន៍ ពាណិជ្ជកម្ម អេឡិចត្រូនិក ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។
កិច្ចប្រជុំក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតលើភាពជា ដៃគូសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋមេរិក ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយ បញ្ហាប្រឈមតាមរយៈការសន្ទនាប្រកបដោយការស្ថាបនា និងការចូលរួមយ៉ាងសកម្ម៕