(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏កក្រើកមួយទៀត ដើម្បីផ្តល់កម្លាំងចិត្ត និងកៀរគរមូលនិធិជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងដ៏អង់អាចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ ត្រូវបានគេឱ្យឈ្មោះថា «តស់! យេីងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តវីរកងទ័ពជួរមុខ»។
ក្នុងកំលុងពេលកម្ពុជារងការឈ្លានពានពីកងទ័ពថៃនៅតាមបន្ទាត់ព្រំដែន ជនស៊ីវិលជាមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា បានបង្ហាញនូវស្មារតីរួបរួម និងធ្វើជាបង្អែកដ៏ខ្លាំងក្លាគាំទ្រដល់កងទ័ពជួរមុខ រហូតគេប្រសិទ្ធរួបរួមខឿនការពារជាតិប្រជាជន។ មានព្រឹត្តិការណ៍ជាច្រើន ត្រូវបានគេប្រារព្ធឡើងជាបន្តបន្ទាប់ ដើម្បីផ្តល់ជាកម្លាំង ជាសម្រែកគាំទ្រ និងលើកកម្លាំងចិត្តដល់កងទ័ពជួរមុខ ដូចជាព្រឹត្តិការណ៍ «Solidarity March» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមរួមជាង ១៥ម៉ឺននាក់។
ដើម្បីបន្តស្មារតីនៃការរួបរួមជាកម្លាំង និងផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាការកៀរគរថវិកា ដើម្បីជួយដល់កងទ័ពជួរមុខជាបន្តទៅទៀត ទើបសហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតព្រឹត្តិការណ៍ «តស់!យេីងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តវីរកងទ័ពជួរមុខ»។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ខាងលើនេះ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយ ជួយដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាស្ថិតនៅជាអមតៈ។
លោក គួច វែងស្រ៊ុន បានឱ្យដឹងថា ព្រឹត្តិការណ៍នោះ នឹងរៀបចំឱ្យមានការច្រៀងចម្រៀងបង្ហាញពីស្មារតីជាតិនិយម មានដូចជាបទពង្សាវតារខ្មែរ បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ជាដើម។ បន្ថែមពីនេះ ក្រុមការងារក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ ២ម៉ឺនរៀល ហើយក៏មានការកៀរគមូលនិធិជួយទៅដល់កងទ័ពផងដែរ។
បើតាមលោក គួច វែងស្រ៊ុន រាល់ថវិកាដែលបានទទួលតាមរយៈមូលនិធិនេះ ក្រុមការងារមិនបានយកមកចំណាយក្នុងការរៀបចំកម្មវិធីនេះឡើយ។ ក្រោយពេលបានទទួល និងសរុបនូវចំនួនថវិកា ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយក្រុមការងារនឹងរៀបចំដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ នៅទិសប្រាសាទព្រះវិហារ។
អ្នកដែលពាក់ព័ន្ធ ហើយនឹងចូលរួមញ៉ាំងឱ្យព្រឹត្តិការណ៍នោះ កាន់តែមហោឡារឹកនោះ សុទ្ធតែបង្ហាញនូវក្តីរីករាយ ហើយពេញចិត្តចំពោះព្រឹត្តិការណ៍នេះ។ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហាញក្តីរីករាយបានចូលរួមព្រឹត្តិការណ៍កៀរគរ មូលនិធិគាំទ្រវីរកងទ័ពជួរមុខ និងជាសកម្មភាពបណ្តុះស្មារតីជាតិនិយម។
លោក ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា ជាប្រទេសតូច មានឆន្ទៈខ្ពស់ និងមានបេះដូងទូលំទូលាយ។ តាមរយៈកម្មវិធីនេះ ខ្ញុំរីករាយដែលបានចូលរួមព្រឹត្តិការណ៍បណ្តុះស្មារតីជាតិនិយម»។
តារាចម្រៀងដ៏មានប្រជាប្រិយភាពនៅកម្ពុជា មានសំឡេងស្អក ម្ចាស់បទ «យោធាពិការ» លោក ខេម បានលើកឡើងថា វីរកងទ័ពជួរមុខរបស់កម្ពុជា មិនឯកោទេ ព្រោះមានពលរដ្ឋជួរក្រោយជាកម្លាំងចិត្ត។
លោក ខេម បានស្នើដល់ប្រជាពលរដ្ឋនាំគ្នាទៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញការគាំទ្រដល់វីរកងទ័ពជួរមុខ។ លោកថ្លែងថា បើសិនជាមនុស្សរាប់ម៉ឺននាក់ ច្រៀងចម្រៀងលើកទឹកចិត្តកងទ័ពនោះ សកម្មភាពបែបនេះនឹងក្លាយជាសារគាំទ្រដ៏ធំ ដែលបង្ហាញថា កងទ័ព និងប្រជាពលរដ្ឋ មានបេះដូងស្នេហាជាតិ និងរួមគ្នាងើបប្រឆាំងនឹងការឈ្លានពានរបស់សត្រូវ។
អ្នកផលិតមាតិកាបែបកម្សាន្តសប្បាយលើបណ្តាញសង្គម លោក ផាន់ រ៉ុង ចង់ឃើញវត្តមានមហាជនច្រៀងចម្រៀងលើកទឹកចិត្តវីរកងទ័ពជួរមុខ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
លោក ផាន់ រ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអ្នកគាំទ្ររបស់ខ្ញុំចូលរួមព្រឹត្តិការណ៍ច្រៀងលើកទឹកចិត្តវីរកងទ័ព។ ពួកយើងនៅពីក្រោយវីរកងទ័ពជានិច្ច»។
អ្នកអត្ថាធិប្បាយកីឡាមានប្រជាប្រិយលោក ឌីជេ លុច ព្រោះតែភក្តីភាពចំពោះជាតិ និងទឹកដី ធ្វើឱ្យវីរកងទ័ពជួរមុខ មិនបានសម្រាកសូម្បីមួយវិនាទី ហេតុនេះក្នុងនាមជាអ្នកនៅជួរក្រោយ ត្រូវលើកទឹកចិត្តវីរកងទ័ពជួរមុខឱ្យខ្លាំងបំផុត។
លោក ឌីជេ លុច អួលដើមកនិយាយមិនចេញ និងស្រក់ទឹកភ្នែក ពេលឃើញសាររបស់វីរកងទ័ពជួរមុខមួយរូបថា «សូមបងប្អូននៅជួរក្រោយកុំភ័យ ហូបបាយឱ្យឆ្អែត ដេកលក់ឱ្យស្រួល ខាងមុខទុកឱ្យពួកខ្ញុំជាអ្នកការពារទឹកដី»។
លោកបញ្ជាក់ថា «ព្រោះតែចោរសៀម ធ្វើឱ្យវីរកងទ័ពជួរមុខ មិនបានសម្រាកសូម្បីមួយវិនាទី ហេតុនេះយើងត្រូវលើកទឹកចិត្តវីវកងទ័ព។ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាច្រៀងចម្រៀងជាតិ លើកទឹកចិត្ត ជូនវីរកងទ័ពជួរមុខ»។
សម្រាប់បងប្អូនមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ និងចូលរួមបរិច្ចាគផ្ទាល់នៅផ្លូវថ្មើរជើងចតុមុខ នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ និងល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៕