(ភ្នំពេញ)៖ អ្នកឧកញ៉ា វិញ ហួរ ប្រធានសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងពង្រីកលទ្ធភាព ក្នុងការនាំចេញស៊ីម៉ងត៍ទៅក្រៅប្រទេស ខណៈការផលិតកើនឡើងលើសតម្រូវការនៅក្នុងស្រុក។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News ក្នុងឱកាសសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នាំយកអំណោយមួយចំនួនឧបត្ថម្ភជូនដល់កងកម្លាំងសមរភូមិមុខទិសយោធភូមិភាគ៤ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា វិញ ហួរ បាន​បង្ហើបអំពីសមត្ថភាពផលិតស៊ីម៉ងត៍នៅប្រទេសកម្ពុជា ដែលមានក្រុមហ៊ុន៦ធំៗ ជាសមាជិករបស់សមាគម។

ក្រុមហ៊ុនទាំងនោះរួមមាន៖ ១) ក្រុមហ៊ុន កំពតស៊ីមេន (SCG), ២) ក្រុមហ៊ុន ជីបម៉ុង អីនស៊ី ខបភើរេសិន (Chipmong INSEE Corporation), ៣) ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីង (HUAXIN), ៤)ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុន រ៉ុង (Thai Boong Roong Cement Co., Ltd.), ៥) ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន បាត់ដំបង (Conch Battambang) និង ៦) ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេនភ្នំពេញ (Conch Phnom Penh)។

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់ក្រុមហ៊ុនទាំង៦នេះ គឺមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន ១០លានតោន ខណៈដែលតម្រូវការក្នុងស្រុកមានត្រឹមតែ​ ៨លានតោនប៉ុណ្ណោះ។

បើតាមអ្នកឧកញ៉ា វិញ ហួរ បានមានប្រសាសន៍ថា ចំពោះស៊ីម៉ង់ត៍ ២លានតោនទៀត សមាគមន៍កំពុងត្រៀមនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕