(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា លោកមិនចង់លឺពាក្យថា អត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមផ្សេងៗ របស់ប្រជាពលរដ្ឋ ខុសនេះ ខុសនោះ ធ្វើមិនចេះត្រូវ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបានបន្តថា៖ «ដល់ម៉ោងនេះ ហើយល្មមឈប់ខុសទៀតទៅ កុំអោយប្រជាពលរដ្ឋវាយតំលៃថា អាជ្ញាធរទាល់តែមានកាហ្វេ ទើបមិនខុស។ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់-ខណ្ឌ នគរបាលប៉ុស្តិ៍ ត្រូវប្រែក្លាយសកម្មភាពរបស់អស់លោក លោកស្រី ឱ្យទៅជាឧត្តមភាពការងារ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ»។

លោក ឃួង ស្រេង បានលើកឡើងថា ការអភិវឌ្ឍ និងការពង្រឹងសន្តិសុខ នៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រ គឺត្រូវសន្តិសុខ សុវត្ថិភាព ក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រករបចិញ្ចឹមជីវិតសព្វថ្ងៃ តើយើងទៅរំពឹងអ្នកណា ក្រៅពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និងការពារទឹកដីពីពួកឈ្លានពាន ប្រកបដោយថាមពល និងឈ្លៀសវៃ។ តាមរយៈការដឹកនាំដ៏មានឧត្តមភាពនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹង ក្លាយជាកម្លាំងសាមគ្គីជាតិ ជាធ្លុង១ ជុំវិញរាជរដ្ឋភិបាលក្នុងការធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។

លោក ឃួង ស្រេង បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខណៈប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ បើយើងមិនមានថ្នាក់ដឹកនាំល្អបែបនេះទេ កម្ពុជាមិនដឹងថា ទៅជាយ៉ាងណានោះទេ។ យើងស្អប់សង្រ្គាម តែយើងក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។

លោក ឃួង ស្រេង បញ្ជាក់ថា ជុំវិញវីរភាពនៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង គឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណៈភាពទឹកដី។ នេះហើយជាមេដឹកនាំពិតប្រាកដ មិនមែនធ្វើប្រជាភិថុតិនោះឡើយ។

នៅរសៀលថ្ងៃដដែលនេះដែរ លោក ឃួង ស្រេង ក៏បានអញ្ជើញទៅជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សកម្មជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យផងដែរ ដើម្បីស្តាប់ពីលទ្ធផលការងារ សំណូមពរ ការលំបាកនៅតាមភូមិនីមួយៗ ក៏ដូចការអភិវឌ្ឍន៍សង្កាត់ ដែលយើងទាំងអស់គ្នា ខិតខំបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យបានល្អប្រសើរ និងរួមគ្នាឈានឆ្ពោះទៅឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាល បានកំណត់ធ្វើឱ្យកម្ពុជា មានចំណូលខ្ពស់។

ដូចនៅសង្កាត់ចាក់អង្រែដែរ លោកប្រធានគណបក្សរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ លើកកម្ពស់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រី មើលរហូតដល់កន្លែងទិញអេតចាយ ដែលទទួលទិញរបស់ចោរ។

លោក ឃួង ស្រេង បានលើកឡើងថា៖ «ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថមភ្លាម ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពាររបស់យើង ពួកគាត់ក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូរឧបត្ថមពួកគាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានត្រួសត្រាយអស់ហើយ នៅតែយើងទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រើសើរ ទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ»

លោកប្រធានបានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះ នៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ។ លោកក៏ស្នើដល់មេភូមិ ត្រូវរាយការណ៍សមាជិកពិតប្រាកដ ហើយបើពង្រីកសមាជិកបក្សដល់ណា យើងត្រូវពង្រឹងសមាជិកដល់ទីនោះ។

លោក ឃួង ស្រេង បានថ្លែងនូវការអរគុណ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះ ក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់ប្រធានភូមិទាំង១១ ពាក់ព័ន្ធជួយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដោយលោកបានឯកភាព និងទទួលយកទាំងអស់ ដោយអនុវត្តជាជំហានៗ៕