(ក្រចេះ)៖ លោក អ៉ឹម ចាន់ថុល សមាជិកសភា និងជាតំណាងរាស្រ្តខេត្តក្រចេះ បានអញ្ជើញនាំយកទៀនវស្សាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២៧វត្ត នៅស្រុកសំបូរ ខេត្តក្រចេះ នៅក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ង៉ូវ ប៊ុនរិទ្ធ រដ្ឋលេខាធិការ នៃក្រសួងពត៌មាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំបូរ និងលោក ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក រួមនឹងអាជ្ញាធរខេត្តស្រុកផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាល អ៉ឹម ចាន់ថុល បានថ្លែងថា ទានព្រះវស្សា និងតេយ្យទានគ្រឿងបរិក្ខារទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ក្រុមការងារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសំបូរ គឺបានប្រគេនជូនព្រះសង្ឃចំនួន២៧វត្ត នៅស្រុកសំបូរ ខេត្តក្រចេះ។

លោកបានលើកឡើងថា ចំពោះការចូលវស្សា ជារៀងរាល់ឆ្នាំគឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សា នារដូវភ្លៀង ​ដែ​ល​​ប្រជាពលរដ្ឋ​ក៏ដូច​ជាព្រះសង្ឃលំបា​ក​ក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ព្រះពុ​ទ្ធ​​ជាម្ចា​ស់​បា​នត្រាស់ដាក់ឱ្យភិក្ខុសង្ឃទាំងឡាយចូលវស្សារយៈពេល៣ខែ ដើម្បីសិក្សារៀន​សូត្រ​ព្រះ​ធម៌ ហើយ​ពុទ្ធ​បរិស័​ទ​​​​ជាអ្នក​ទំនុក​បម្រុងព្រះសង្ឃនៅក្នុងពេលចូលព្រះវស្សា៣ខែនេះ។ នៅរដូវចូល​វស្សា​​​​គឺជាពេល​វេលា​​​​​ដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួន នៅក្នុងថេរ​វេលា​នេះ ​ព្រះសង្ឃ​មិនត្រូវ​និមន្តទៅណាឆ្ងាយនោះទេ អ្វីដែលសំខាន់មួយទៀត ដែលព្រះពុទ្ធដាក់​វិន័យសម្រាប់​ព្រះសង្ឃ​នៅ​​​ក្នុ​ង​ពេលចូលព្រះវស្សានេះ គឺហាមដាច់ខាតមិនឱ្យនិមន្ត​ចេញឆ្ងាយ​ពីវត្តហួ​​ស​​ពី ៧ថ្ងៃនោះឡើ​យ។

លោកបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេ​ចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ​ និង​សម្តេ​ច​​តេ​ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋ​ម​ន្រ្តីនៃកម្ពុជា បច្ចុប្បន្នជា ប្រធានរដ្ឋ​ស​ភា បងប្អូន​ប្រជាជន​​យើង​ បាន​វិល​ត្រឡប់​មក​រ​ស់​​​នៅ​ជួបជុំក្រុមគ្រួសារឡើងវិញ ​​​ប្រកប​ដោយ​សេចក្តី​សោម​នស្ស​រីក​រាយ​គ្រប់គ្នា។

នៅ​​​​ពេលនោះពិ​ត​មែន តែយើង​នៅមាន​​​សុខភាព​​​​​​ទ្រុឌ​ទ្រោម​​ស្គម​ស្គាំង និងមានជំងឺ​ដង្កា​ត់​​គ្រប់​ប្រភេទក៏ដោយ ក៏យើង​ទាំងអស់​​គ្នា​ខិ​ត​ខំ​ប្រឹងប្រែង ​​​យ៉ាង​អ​ស់​ពីកម្លាំង​កាយ​ចិត្ត ធ្វើការប្រមែល​ប្រមូល​ធន​ធា​ន​​​​នៅ​សេសសល់​ ដើម្បីរួ​​ម​​គ្នា​កសា​ង​​​​​ឡើងវិញ​នូវ​ខឿនសេដ្ឋកិច្ច សង្គម​កិ​ច្ច​ វប្បធម៌ និង​សាសនា​ ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លា​ញ​ដល់​កម្រិតសូន្យ​។ ជាភ័ព្វ​​សំណាងក្រោមកិ​ច្ច​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​​​​របស់​ស​ម្តេ​ច​តេ​ជោ ហ៊ុន សែន ហេដ្ឋារចនា​​សម្ព័ន្ធ រូបវ័ន្ត​ទាំង​ផ្នែក​អាណាចក្រ និងពុទ្ធចក្រ ដូចជា​ផ្លូវ​ថ្ន​ល់ ស្ពាន ទំន​ប់​ទឹក ប្រឡាយ សាលា​រៀន មន្ទីរពេទ្យ ស្រះ​​ទឹក អណ្តូ​ងទឹក ព្រះវិហារ ឧបដា្ឋន​សាលា សេនា​ស​នៈ​ និងពិធីសាសនានា ត្រូវបាន​អភិវឌ្ឍន៍ឡើង​វិញ​​​​យ៉ាងឆាប់រហ័ស​គួរ​នឹក​ស្មា​ន​​ពុំដល់ ពិសេស​ព្រះពុ​ទ្ធ​​សាសនា​​​​ ត្រូវ​បាន​​កំណត់ក្នុងរដ្ឋធម្មនុញ្ញ​ថា​ជា​ «សា​សនា​របស់​រដ្ឋ»។

លើស​ពី​នេះ វិស័យ​ពុទ្ធិកសិក្សា​ក៏មា​ន​ការ​រីក​ចម្រើនជា​បន្តបន្ទា​ប់ ដោយសព្វថ្ងៃយើ​ង​មាន​សាលា​​ធ​ម្ម​​​វិន័យ ចា​ប់​​តាំង​​ពី​ថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលា​ពុទ្ធិក​សិក្សា​បឋមសិក្សា ​រហូត​​​ដល់​ពុទ្ធិកវិទ្យាល័យ និងមាន​ពុទ្ធិក​​សាកល​​​វិ​ទ្យាល័យ​ថែមទៀតផងប្រការទាំងនេះ បញ្ជា​ក់យ៉ាងច្បាស់ពីការយក​ចិត្ត​ទុ​ក​ដាក់​ របស់​រាជរដ្ឋាភិបាល​​ក្នុងការ គាំទ្រគាំពារ និ​ង​ឧបត្ថម្ភគ្រប់បែបយ៉ាងដល់ពុទ្ធសាសនិក និងព្រះតេជគុណ ព្រថេ​រានុ​ត្ថេ​រៈ​​​​គ្រប់ព្រះអង្គ៕