(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្ត ធុនធំទាំងអស់ដែលធ្វើចរាចរណ៍តាមដងផ្លូវបើកបរដោយប្រុងប្រយ័ត្ន ខ្ពស់គោរពល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ចេះយោគយល់អធ្យាស្រ័យអនុគ្រោះ កុំ បើកបរក្នុងស្ថានភាពស្រវឹង និងមានសារធាតុគ្រឿងញៀនក្នុងខ្លួនជាដាច់ខាត ក្នុងន័យនេះគឺដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើងដែលបណ្តាលមកពីការធ្វេសប្រហែសនូវកក្តាខាងណាមួយជាយថាហេតុ។ នេះបើយោងតាមសេចក្តីអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥នេះ។
ក្រៅពីការអំពាវនាវលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក៏បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យរកជាតិស្រវឹង ផ្ទុកសារធាតុញៀនលើអ្នកបើកបរ និងត្រួតពិនិត្យបច្ចេកទេសយានយន្តធន់ធំ។ សកម្មភាពចុះត្រួតពិនិត្យនេះទៀតសោត គឺធ្វើឡើងដូចភ្លៀងរលឹមក្នុងក្រុង និងខេត្តព្រះសីហនុ៕