(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរ «ព្រះរាជពិធីរុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៥ កូនដើមត្នោត និងកូនដើមអំពិល ចំនួន ១០,០០០ដើម ត្រូវបានចែក និងដាំនៅទីធ្លាមុខវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
ដឹកនាំពិធីដាំ និងអញ្ជើញជាអធិបតីភាពពីសំណាក់លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមជនបង្គោលយុវជនទទួលបន្ទុកស្រុកក្រូចឆ្មារ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងនោះមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។
ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានថ្លែងថា ទិវានេះ ពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តម និងជាឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ ដោយបានឆ្លុះបញ្ចាំងពីភាពសាមគ្គីរួបរួមជាធ្លុងមួយ រវាងប្រជាជន និងមន្រ្តីរាជការទូទាំងប្រទេស ក្នុងការជំរុញចលនាដាំដើមឈើ ដើម្បីទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តពូនជ្រុំ និងថែរក្សាប្រពៃណីដ៏ល្អទាំងនេះ ដើម្បីបន្សល់ទុកជាស្នាដៃ ដល់មនុស្សជាតិជំនាន់ក្រោយ។
ប្រធានក្រុមការងារបានគូសបញ្ជាក់ថា ក្រៅពីកិច្ចការការពារធនធានព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុង ខិតខំស្តារព្រៃឈើឡើងវិញ រួមនឹងវិធានការចាំបាច់ដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ក្នុងការប្តេជ្ញាសម្រេចឱ្យបានគម្របព្រៃឈើ៦០% នៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសនោះ លោក ផារ៉ា មង្គល ក៏បានសម្ដែងនូវគោលជំហរដ៏មុតមាំ បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើម និងភាពចាំបាច់ នៃការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬឃុបឃិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្ត របស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិទាំងមូល។
ជាចុងក្រោយ លោក ផារ៉ា មង្គល បានថ្លែងរំលឹកប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ ត្រូវតែជឿជាក់លើការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងសូមរួមគ្នាសាមគ្គីជាធ្លុងមួយ «យើងរួមគ្នាដាំដើមឈើ បង្កើតម្លប់បៃតង ក្រោមម្លប់នៃសន្តិភាព យើងរួមគ្នាថែរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ»៕