(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកទឹកចិត្ត និងជំរុញឱ្យមន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋធ្វើការដាំដើមឈើនៅតាមលំនៅដ្ឋានរបស់ខ្លួន នៅតាមទីសាធារណៈ ឱ្យបានច្រើនដើម្បីទុកជាកេរ្ត៍តំណែរសម្រាប់មនុស្សជំនាន់ក្រោយ ជាប្រយោជន៍ដល់បរិស្ថាន និងសង្គមជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរពិធីរុក្ខទិវា ៩កក្កដា ដោយបានធ្វើការដាំកូនឈើចំនួន៧១១ដើម នៅបរិវេណភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរិ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥, លោកអភិបាលខេត្តតាកែវ បានថ្លែងថា ការចូលរួមដាំកូនឈើចំនួន ៧១១ដើម នៅបរិវេណប្រាសាទភ្នំដានេះ មិនមែនត្រឹមតែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាចំពោះបរិស្ថាន និងធនធានធម្មជាតិ។ រាល់ដើមឈើដែលយើងបានដាំនៅថ្ងៃនេះ គឺជាក្តីសង្ឃឹម ជាសួតសម្រាប់ភពផែនដី និងជាអំណោយដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។

លោក វ៉ី សំណាង បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា និងបង្កើនគម្របព្រៃឈើ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បង្កើតបរិយាកាសបរិសុទ្ធ និងរក្សាបាននូវជីវចម្រុះ។ ការដាំដើមឈើ គឺការដាំក្តីសង្ឃឹម ការដាំអនាគតបៃតងសម្រាប់កូនចៅយើងជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសកម្មភាពដាំដុះ និងថែរក្សាដើមឈើឱ្យបានផុសផុល ដើម្បីជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕