(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥​ បានអញ្ជើញចូលរួមបើកដំណើរការ ស្តង់លក់បន្លែសុវត្ថិភាព របស់សហគមន៍ និងផលិតផលក្នុងស្រុក នៅផ្សាររវៀង ស្រុករវៀង ខេត្តព្រះវិហារ។

លោក អ៊ុក គឹមសាន បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករថា៖សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសដែលសម្តេចអញ្ជើញសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចបានណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ជំរុញប្រជាពលរដ្ឋដាំដុះដំណាំរួមផ្សំផ្សេងៗដើម្បីផ្គត់ផ្គង់ទីផ្សារ ពិសេសផ្គត់ផ្គង់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ដោយសប្បុរសជនមិនបាច់ទិញបន្លែ ផ្លែឈើ មកពីភ្នំពេញនិងខេត្តនានាមកជូនកងទ័ពនោះទេ គឺទិញបន្លែ ផ្លែឈើ ក្នុងខេត្តព្រះវិហារផ្ទាល់តែម្តង។

អភិបាលរងខេត្តព្រះវិហារ បានថ្លែងទៀតថា ដោយអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពូជបន្លែជាច្រើនប្រភេទ ដែលជាអំណោយដ័ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារចុះចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមស្រុក ឃុំមួយចំនួនក្នុងខេត្តព្រះវិហាររបស់យើង និងបន្តចុះចែកជូនប្រជាកសិករទូទាំងខេត្តជាបន្តបន្ទាប់ទៀត។

ពាក់ព័ន្ធនឹងការបើកដំណើរការស្តង់បន្លែសុវត្ថិភាព របស់សហគមន៍ នៅក្នុងផ្សាររវៀងនាពេលនេះ លោក អ៊ុក គឹមសាន បានផ្សព្វផ្សាយពីសារៈសំខាន់នៃបន្លែសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីអត្ថប្រយោជន៍នៃការដាំដុះ និងការបរិភោគបន្លែដែលគ្មានសារធាតុគីមី ឬថ្នាំសម្លាប់សត្វល្អិត ដើម្បីធានាសុខភាពល្អសម្រាប់អ្នកប្រើប្រាស់គ្រប់ៗគ្នា។

លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងទៀតថា៖ដំណើរការស្តង់បន្លែសុវត្ថិភាពនាពេលនេះ ក្នុងគោលបំណងសំខាន់លើកកម្ពស់ការផលិត និងប្រើប្រាស់បន្លែសុវត្ថិភាព និងការផ្គត់ផ្គង់អាហារដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារសុខភាព។ដោយផ្អែកលើការចងក្រងកម្លាំងសហគមន៍ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន កម្មវិធីនេះក៏មានគោលបំណងជួយបង្កើនឱកាសទីផ្សារ និងប្រាក់ចំណូលសម្រាប់កសិកររបស់យើងផងដែរ។

លោកអំពាវនាវឲ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុក ដោយមានការជឿជាក់លើគុណភាព និងសុវត្ថិភាព។

លោកក៏បានលើកឡើងថា “ការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ មិនអាចកើតមានបានដោយគ្មានការចូលរួមចំណែកពីសហគមន៍ និងការចូលរួមយ៉ាងសកម្មពីប្រជាជននៅទេ។

លោក អ៊ុក គឹមសាន ថ្លែងបញ្ជាក់ទៀតថា៖ការបើកដំណើរការស្តង់បន្លែសុវត្ថិភាពនៅទីនេះ បានក្លាយជាវេទិកាសាធារណៈសម្រាប់កសិករ និងអ្នកផលិតក្នុងស្រុក ក្នុងការបង្ហាញសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងផ្សព្វផ្សាយផលិតផលនានា ដូចជា បន្លែស្រស់ អាហារបំប៉ន ផលិតផលដំណាំធម្មជាតិជាច្រើនទៀត។

ពិធីនេះក៏បានបង្ហាញយ៉ាងច្បាស់ពីការរួមគ្នា រវាងអាជ្ញាធរ សហគមន៍ និងអង្គការដៃគូ ក្នុងការជម្រុញសុខុមាលភាព សេដ្ឋកិច្ច និងសន្តិសុខអាហារនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕