(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទស្សនកិច្ចអគារពិជ័យសេនា និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងបានធ្វើទស្សនកិច្ចនៅអគារពិជ័យសេនានៃវិមានឈ្នះឈ្នះ ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងអំពី «ការធ្វើសមាហរណកម្មនៃការកសាងស្ថាបត្យកម្មសំណង់រូបវ័ន្ត បម្រើដល់ខ្លឹមសារទាំងទស្សនៈនិងគំនិត» ឱ្យបានឋិតថេរយូរអង្វែងជាមួយគ្នា។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា អគារសម្តេចពិជ័យសេនា ត្រូវបានចាត់ទុកថា ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ក្នុងចំណោមសមិទ្ធផលសំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរក្សាបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តារុញច្រានដ៏ចម្បងដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ ហើយបានប្រែក្លាយជីវភាពរស់នៅ របស់ប្រជាជនចាកចេញពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម។

សូមជម្រាបថា អគារពិជ័យសេនា ក្នុងនោះមានអង្គភាពសេនាតេជោ ដែលជាសេនាធិការ បានបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ តាមរយៈការគ្រប់គ្រងថែរក្សា សំណង់ ការបណ្តុះធនធានមនុស្ស ផ្នែកមគ្គុទ្ទេសក៍ និងការងារប្រវត្តិសាស្ត្រយោធា ការរៀបចំអត្ថាធិប្បាយ និងទទួលបដិសណ្ឋារកិច្ចជូនប្រតិភូជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ មហាជន និងស្ថាប័ន គ្រឹះស្ថានអប់រំនានា បានចូលមកទស្សនា និងសិក្សាឈ្វេងយល់អំពីស្ថាបត្យកម្មដ៏មានអត្ថន័យជា ប្រវត្តិសាស្ត្រ នៅវិមានឈ្នះឈ្នះ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់៕