(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ នៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករ បានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។

មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើពិធីស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិ នូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត៕