(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានជួបជុំមន្ត្រីរាជការយ៉ាងច្រើនកុះករ បានមកជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ និងធ្វើពិធីទូងស្គរអបអរសាទរ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។
មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាខណ្ឌព្រែកព្នៅ បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលោក ធឹម សំអាន អភិបាលខណ្ឌ បានអាននូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិ នូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧៖០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត៕