(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំអ៉ីរ៉ង់ បានរៀបចំរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេស និងតំបន់មជ្ឈិមបូព៌ា ដោយជោគជ័យ កាលពីថ្ងៃទី៩-១១ ខែកក្កដាកន្លងទៅ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមប្រចាំប្រទេសរបស់ខ្លួន ត្រៀមចូលរួមការប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៦ នៅកម្ពុជា នាចុឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ។
ក្នុងនាមសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ដឹកនាំដោយលោក Seyed Reza Mousavi តែងរៀបចំព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនេះរៀងរាល់ឆ្នាំ ជាក់ស្ដែងការប្រកួតប្រចាំឆ្នាំ២០២៥ នាពេលថ្មីៗនេះ មានអ្នកចូលរួមជាង ៣០០នាក់ ទាំងកម្រិតថ្នាល និងពេញវ័យ ។ នេះគឺជាសកម្មភាពមួយដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅតំបន់មជ្ឈិមបូព៌ា។
លោក វ៉ាត់ ចំរើន ប្រធានស្ដីទីសហព័ន្ធគុនខ្មែរអន្តរជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក Mousavi និងសហការី នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ ដែលបានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ KIF ក្នុងការរៀបចំសកម្មភាពប្រកួត និងការបណ្ដុះបណ្ដាលគុនខ្មែរលើទឹកដីអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នូវប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរនេះ។
លោកបន្ដថា «ការប្រកួតជើងឯកថ្នាក់ជាតិនៅអ៊ីរ៉ង់នេះ បានប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្ដាញសារព័ត៌មាន និងទូរទស្សន៍របស់អ៊ីរ៉ង់ ។ លោក Mousavi ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ និងប្រចាំមជ្ឈិមបូព៌ា គឺបានរៀបចំការប្រកួតនេះរៀងរាល់ឆ្នាំ ។ នេះគឺជាការជួយលើកកម្ពស់សកម្មភាពផ្សព្វផ្សាយ និងអភិវឌ្ឍន៍គុនខ្មែរនៅមជ្ឈិមបូព៌ា ហើយក៏ជាការលើកទឹកចិត្ដឲ្យជនជាតិអ៊ីរ៉ង់ ក៏ដូចជាប្រទេសសមាជិកសហព័៏ន្ធគុនខ្មែរអន្ដរជាតិផ្សេងទៀត យកធ្វើជាគំរូដ៏ល្អ ដែលបានរៀបចំនេះ»។
តាមរយៈការប្រកួតខាងលើ ក្នុងនាមប្រធានស្ដីទី KIF លោកក៏បានថ្លែងអំណរគុណលោក Mousavi ដែលបានរៀបចំការប្រកួតនេះ បានយ៉ាងល្អ ហើយបានជួយរួមចំណែកក្នុងការជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ លើឆាកអន្ដរជាតិ ។ ការប្រកួតនេះ ស្របតាមគោលការណ៍របស់ KIF ដែលបានដាក់ឲ្យប្រទេសសមាជិកគុនខ្មែរអន្ដរជាតិទាំងអស់ ត្រូវធ្វើការប្រកួតជម្រុះជើងឯកថ្នាក់ជាតិប្រចាំប្រទេសរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតជើងឯកពិភពលោករៀងរាល់ឆ្នាំ ពិសេសការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលគ្រោងរៀបចំនាចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ខាងមុខ នៅកម្ពុជា។
លើសពីនេះ លោក វ៉ាត់ ចំរើន ក៏សង្ឃឹមថា សកម្មភាពនេះ នឹងបន្តរឹងមាំនៅប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាទៅថ្ងៃអនាគត ហើយសហព័ន្ធគុនខ្មែរអន្ដរជាតិ បានលើកទឹកចិត្តឲ្យប្រទេសសមាជិកទាំង ៦៨ប្រទេស ធ្វើសកម្មភាពនេះឲ្យបានផុសផុលដូចៗគ្នា ទៅនឹងសហព័ន្ធគុនខ្មែរនៅអ៊ីរ៉ង់ផងដែរ៕