(ភ្នំពេញ)៖ ទោះបីជាពិភពលោកបានស្គាល់ច្បាស់ពីចរិតក្រឡិចក្រឡុចរបស់ថៃ ដែលចូលចិត្តនិយាយកុហក បង្វែរស្ថានការណ៍ និងកាឡៃការពិតយ៉ាងណាក៏ដោយ ក៏យុទ្ធសាស្ត្រនេះនៅតែត្រូវបានថៃប្រើប្រាស់ដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯង និងសាធារណមតិអន្តរជាតិដដែលដោយឥឡូវនេះ ពួកគេកំពុងនិយាយភូតកុហកថា កម្ពុជាគឺជាអ្នកបិទច្រកព្រំដែន។

តាមពិត នរណាក៏បានដឹងដែរថា ទំនាស់ព្រំដែនកម្ពុជាថៃដែលកំពុងកើតឡើងពេលនេះគឺបានផ្តើមចេញពីទាហានថៃ​ ដែលបានចូលមកបាញ់សម្លាប់កងទ័ពខ្មែរម្នាក់យ៉ាងកំរោលក្នុងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥។ ក្រោយពីក្រសួងការបរទេសកម្ពុជាដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំង និងទាមទារឱ្យបើកការស៊ើបអង្កេតនាំយកជនដៃដល់មកផ្តន្ទាទោស រដ្ឋាភិបាលថៃ ក៏បង្វែរសាច់រឿងនេះទៅព្រំដែន តាមរយៈការសម្រេចបិទបើកព្រំដែនតែម្នាក់ឯង តាមទំនើងចិត្តដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាឡើយ។

ហេតុអ្វីរឿងកើតនៅឯមុំ៣ តែថៃបែរជាបង្កបញ្ហារឿងបិទបើកព្រំដែនទៅវិញ? ពីព្រោះនេះជាកលល្បិចបង្វែរសាច់រឿងដើម្បីបន្លំភ្នែកសាធារណមតិចេញពីមូលហេតុដើមដែលកងទ័ពថៃជាអ្នកបង្ក។ បន្ទាប់មក ថៃបានពង្រីកទំនាស់ជា
បន្តបន្ទាប់តាមរយៈដោយគំរាមកាត់ផ្តាច់អគ្គិសនី អ៉ីនធើណិត និងការផ្គត់ផ្គង់ប្រេងឥន្ធនិងឧស្ម័នដល់ប្រទេសកម្ពុជាជាដើម។ នេះគឺជាការពង្រីកទំនាស់ខណៈដែលភាគីកម្ពុជា បានព្យាយាមមិនឱ្យទំនាស់នេះរីករាលដាលពីតំបន់មុំ៣ ទៅក្នុងវិស័យផ្សេងៗទៀតទេ។ ជាក់ស្តែង ទាំងនាយករដ្ឋមន្ត្រី ទាំងប្រធានព្រឹទ្ធសភាកម្ពុជា សុទ្ធតែបានអំពាវនាវកុំឱ្យពង្រីកទំនាស់ និងកុំឱ្យមានការរើសអើងជាតិសាសន៍។ អ្វីដែលកម្ពុជាធ្វើគឺត្រឹមតែជាសិទ្ធិការពារខ្លួនចេញពីការប្រមាថ មើលងាយពីភាគីថៃតែប៉ុណ្ណោះ។

និយាយពីការបិទច្រកព្រំដែន យើងប្រាកដជានៅចងចាំបានថា នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវាត្រា ធ្លាប់បានប្រកាសថា ថៃត្រូវបិទព្រំដែនទាំងអស់មិនឱ្យមានការឆ្លងកាត់ និងបានប្រគល់សិទ្ធិអំណាចឱ្យយោធាភូមិភាគ២របស់ថៃ ក្នុងការសម្រេចលើវិធានការនេះ។ បន្ទាប់ពីនោះមក យោធាថៃចាប់ផ្តើមបិទច្រកម្តងមួយៗជាឯកតោភាគីដោយមិនបានពិភាក្សាជាមួយភាគីកម្ពុជាឡើយ។ នេះគឺជាឥរិយាបថបំពាន និងមើលស្រាលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

វិធានការរបស់កម្ពុជាគឺគ្រាន់តែដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយាខ្វះការទទួលខុសត្រូវរបស់ថៃតែប៉ុណ្ណោះ ដោយថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា កូនសោរដោះស្រាយបញ្ហា ស្ថិតក្នុងដៃរបស់ថៃ ពីព្រោះថៃគឺជាអ្នកសម្រេចបិទព្រំដែនជាឯកតោភាគី ដូច្នេះថៃគ្រាន់តែប្រកាសបើកដំណើរការព្រំដែនវិញជាធម្មតាឱ្យដូចមុនថ្ងៃទី៧ មិថុនា គឺជាការស្រេច ចំណែកភាគីកម្ពុជាសន្យាថានឹងបើកតាមក្រោយ។ ប៉ុន្តែរហូតមកទល់ពេលនេះថៃមិនត្រឹមតែមិនបានប្រកាសបើកព្រំដែនជាធម្មតាវិញដូចពីមុននោះឡើយ ប៉ុន្តែបានដើរនិយាយកុហកប្រជាពលរដ្ឋរបស់ខ្លួនដែលទាមទារឱ្យបើកព្រំដែនឡើងវិញនោះថា កម្ពុជាគឺជាអ្នកបិទទៅវិញ។

សារជាតិពូកែកុហក កាឡៃរឿង និងបំភ្លៃការពិតនេះហើយដែលធ្វើឱ្យប្រទេសនេះត្រូវគេទទួលស្គាល់ពេញពិភពលោកថា ជាប្រទេសនិយាយកុហក។ ជាក់ស្តែង មនុស្សជាច្រើនក្នុងពិភពលោកតែងប្រើពាក្យចំអកឱ្យមន្ត្រីថៃថា Don't Thai to me ជំនួសពាក្យថា Don't lie to me (កុំកុហកខ្ញុំ) នៅពេលដែលមន្ត្រីថៃនិយាយអ្វីមួយ។ ហេតុអ្វីបានជាដូច្នេះ ពីព្រោះពិភពលោកបានស្គាល់ថា មន្ត្រីថៃជាមនុស្សចុះហត្ថលេខានឹងដៃ តែលុបវិញនឹងជើង។ រឿងជាក់ស្តែងបំផុតដែលកើតឡើងជាមួយកម្ពុជាគឺកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ឆ្នាំ២០០០ ( MOU 2000) ដែលចែងយ៉ាងច្បាស់អំពីការប្រើប្រាស់ផែនទីតាមសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ប៉ុន្តែនៅពេលចរចា ថៃបែរជាប្រើប្រាស់ផែនទីឯកតោភាគីទៅវិញ។ នេះជាហេតុផលដែលធ្វើឱ្យការចរចាជាប់គាំង និងជាហេតុផលដែលធ្វើឱ្យកម្ពុជានាំយកសំណុំរឿងមុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

ដោយមិនហ៊ានឡើងតុលាការអន្តរជាតិព្រោះដឹងថាចាញ់ ថៃក៏ឡាំប៉ាចង់មកចរចាទ្វេភាគីវិញដោយសំអាងលើ MOU 2000 ប៉ុន្តែតាមការពិត ថៃមិនដែលគោរពកិច្ចព្រមព្រៀងនេះទេពោលគឺឱ្យតែចាប់ផ្តើមចរចា ថៃទាញយកផែនទីឯកតោភាគីដែលហៅថា ផែនទីចោរមកនិយាយរាល់លើក។ នេះហើយដែលហៅថា ស៊ីញ៉េនឹងដៃលុបវិញនឹងជើង និយាយកុហកគ្មានព្រំដែនដែលស័ក្តិសមជាមួយពាក្យថា Don't Thai to me (កុំកុហកខ្ញុំអីថៃអើយគេស្គាល់ក្រយៅអស់ហើយ)។ ដោយឈរលើស្ថានភាពជាក់ស្តែងបែបនេះ កម្ពុជានឹងមិនដកថយឡើយក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទោះជាថៃមិនទៅក៏ដោយ។ សរុបមកវិញ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោកទាំងមូលមិនបានបំភ្លេចព្រឹត្តិការណ៍ថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥ ដែលទាហានថៃចូលមកបាញ់ទាហានកម្ពុជាម្នាក់ឱ្យស្លាប់នោះឡើយ។កម្ពុជានិងសហគមន៍អន្តរជាតិចាត់ទុកថ្ងៃនោះថាជាការចាប់ផ្តើមនៃទំនាស់ ព្រំដែនកម្ពុជាថៃ ហើយគាំទ្រកម្ពុជាក្នុងការនាំយកសំណុំរឿងទាំង៤ទៅតុលាការយុត្តិធម៌អន្តរជាតិ។ ម្យ៉ាងទៀត គ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថា គឺភាគីថៃជាអ្នកពង្រីកបញ្ហា និងជាអ្នកបិទព្រំដែនជាឯកតោភាគី។ ដូច្នេះថៃ មិនអាចបង្វែរសាធារណមតិជាតិ និងអន្តរជាតិ បានដែរដោយគ្រប់គ្នាសុទ្ធតែនិយាយថា Don't Thai to me៕

ដោយ វង្ស មករា
សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ