(ព្រះវិហារ)៖ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក កែវ រតនា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកា នៃសមាគមសហគ្រិន១ភាគរយ នាំយកជំនួយសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនជួយដល់កងទ័រជួរមុខនៅវរសេនាតូចអន្តរាគមន៍លេខ៣៧១ ទិសតំបន់ភ្នំខ្មោច ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានោះលោក កែវ រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំការផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ជូនដល់កងទ័ពជួរមុខ និងការរក្សាឱ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនអាចឱ្យសត្រូវឈ្លានពានបានសូម្បីតែមួយមីលីម៉ែត្រ។

លោក យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ក៏បានមានប្រសាសន៍ដោយការលើកទឹកចិត្តវីរៈកងទ័ពជួរមុខ ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាព អធិបតេយ្យភាព បូរណៈភាពទឹកដី ដោយគ្មានខ្លាចនឿយហត់ទោះត្រូវប្រឈមនិងបញ្ហាអ្វីក៏ដោយដោយគោរពតាមបទបញ្ជាររបស់ថ្នាក់ដឹកនាំដ៏ម៉ឹងម៉ាត់ជាទីបំផុត។

ដោយឡែកលោក ហ៊ាង វុទ្ធា ប្រធានសមាគមសហគ្រិន១ភាគរយ តំណាងសមាជិកប្រមាណជិត៤០រូប ដែលបានអញ្ជើញចូលរួមអមដំណើរ ក្នុងបេសកកម្មផ្តល់ជំនួយ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ បានសម្តែងក្តីរំភើបរីករាយ ដែលបានមកលើទឹកចិត្តដល់កងទ័ពជួរមុខនៅពេលនេះដោយផ្ទាល់ និងដោយទឹកចិត្តកូនខ្មែរ ឈាមជ័រខ្មែរតែមួយសមាគម បានរួមសហការណ៍គ្នា ក្នុងការរ៉ៃអង្គាសថវិកាក្នុងការផ្តល់ជំនួយ សម្ភារៈ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ផ្តល់ជូនកងទ័ពជួរមុខ វរសេនាតូចអន្តរាគមន៍លេខ៣៧១ នៅពេលនេះរួមមាន៖ វិទ្យុទាក់ទង និងថ្មសាកចំនួន៣០គ្រឿង/ឈុត, សូឡាសាកអាគុយចំនួន៣ឈុត, អង្ករចំនួន១តោន, ទឹកសុទ្ធកម្ពុជា ចំនួន៥០កេស, គោ ១ក្បាល, ជ្រូក ២ក្បាល, មាន់ ១០០ក្បាល, អាវយឺត ចំនួន១០០អាវ, ភួយ ចំនួន៥០ឈុត, ប្រេងកូឡាដំរី៥ ចំនួន៦០ក្លង និងថវិកាជូនកងទ័ពជួរមុខវរសេនាតូចអន្តរាគមន៍លេខ៣៧១ ចំនួន ១០,០២០,០០០រៀល ក្នុងនោះថវិកា ដែលបានទិញសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដូចបានជម្រាបជូនខាងលើអស់ចំនួន ១៦,៨០០,០០០រៀល សរុបថវិកាចំនួន ២៦,៨២០,០០០រៀល។

ឧត្តមសេនីត្រី ឃឹម ឃឿន បានសម្តែងការរីករាយ និងថ្លែងអំណរគុណជូនចំពោះលោក កែវ រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងលោក ហ៊ាង វុទ្ធា ប្រធានសមាគមសហគ្រិន ១ភាគរយ ដែលបានអញ្ជើញដឹកនាំក្រុមការងារដោយផ្ទាល់ ចុះមកសួរសុខទុក្ខកងទ័ពជួរមុខ វរសេនាតូចអន្តរាគមន៍ លេខ៣៧១ ព្រមទាំងបាននាំយកមកជាមួយសម្ភារៈប្រើប្រាស់ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនដល់វរសេនាតូចអន្តរាគមន៍លេខ៣៧១ នៅពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន និងជាសារបង្ហាញថាជួរក្រោយមិនដែលភ្លេច និងមិនទុកជួរមុខឱ្យនៅឯកកោឡើយក្នុងនាមជាពលរដ្ឋខ្មែរ គឺនៅជាប់ជានិច្ចជាមួយកងទ័ពជាតិ ការពារព្រំដែន។

ឧត្តមសេនីត្រី ឃឹម ឃឿន មេបញ្ជាការវរសេនាតូចអន្តរាគមន៍ លេខ៣៧១ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិខ្សែរត្រៀមជួរមុខភូមិសាស្រ្តអង្គភាពទទួលខុសត្រូវទាំងអស់ សូមគោរពជូនពរដល់លោក លោកស្រី ដែលជាក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងរកទទួលទានមានបាន ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕