(ភ្នំពេញ)៖ នៅក្នុងរឿងរដ្ឋប្បវេណី ជនគ្រប់រូប សុទ្ធតែត្រូវបានធានានូវសិទ្ធិពឹងពាក់តុលាការចំពោះគ្រប់វិវាទ និងការពារសិទ្ធិក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។ គូភាគីក្នុងរឿងក្តីរដ្ឋប្បវេណី មានសិទ្ធិដាក់នូវវិធីតទល់ ឬការពារខ្លួន និងធ្វើសកម្មភាពផ្សេងទៀតស្របតាមផ្លូវច្បាប់ បន្ថែមពីនេះ ក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតឱ្យតតិយជន អាចធ្វើការចូលរួមជួយអន្តរាគមន៍ក្នុងបណ្តឹងផងដែរ ។

តើអ្វីទៅជាការចូលរួមជួយអន្តរាគមន៍ក្នុងបណ្តឹង ? តើអ្នកចូលរួមជួយអន្តរាគមន៍ មានសិទ្ធិធ្វើសកម្មភាពអ្វីខ្លះ ?

ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី ការចូលរួមជួយអន្តរាគមន៍ក្នុងបណ្តឹង មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម។

មុនឈានដល់ការបកស្រាយទៅនឹងចម្ងល់ខាងលើនេះ សូមស្វែងយល់នូវអត្ថន័យនៃពាក្យគន្លឹះជាមុនសិន ពាក្យ “អន្តរាគមន៍” មានន័យថា ការចូលរួមដោយសេចក្ដីស្ម័គ្រ ការជួយអះអាងសម្រុះសម្រួល ការចេញពាំងមុខដោយអំណាចក្នុងរឿងអ្វីមួយ (ដកស្រង់ចេញពីវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត) ។ ពាក្យ “តតិយជន” មានន័យថា ជនទីបី ឬជនដែលមិនមែនជាភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត ជនដែលមិនមែនជាភាគីក្នុងរឿងក្តីរដ្ឋប្បវេណី (ដកស្រង់ចេញពីសទ្ទានុក្រមនីតិវិធីរដ្ឋប្បវេណី) ។ ផ្អែកតាមមាត្រា ៤៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី តតិយជនដែលមានការទាក់ទងនឹងផលប្រយោជន៍តាមផ្លូវច្បាប់ អំពីលទ្ធផលនៃបណ្តឹង អាចចូលរួមអន្តរាគមន៍ក្នុងបណ្តឹង ដើម្បីជួយភាគីម្ខាងណាមួយបាន ។

ឧទាហរណ៍៖ លោក “ក” បានខ្ចីបា្រក់ពីលោក “ខ” ដោយមានលោកស្រី “គ” ជាអ្នកធានា លុះដល់ថ្ងៃកំណត់សង លោក “ក” មិនអនុវត្តកាតព្វកិច្ចសងប្រាក់ទៅលោក “ខ” ឡើយ ទោះបីជាមានការជូនដំណឹងច្រើនដងក៏ដោយ ក្រោយមកលោក “ខ” បានទាមទារឱ្យលោកស្រី “គ” អនុវត្តកាតព្វកិច្ចក្នុងនាមជាអ្នកធានា ប៉ុន្តែលោកស្រី “គ” បដិសេធមិនព្រមអនុវត្តកាតព្វកិច្ច ។ ដោយដឹងថា លោកស្រី “គ” មានជីវភាពធូរធារទំនងជាមានលទ្ធភាពអនុវត្តកាតព្វកិច្ច លោក “ខ” ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការទាមទារឱ្យលោកស្រី “គ”អនុវត្តកាតព្វកិច្ច និងសងសំណងការខូចខាតយ៉ាងច្រើន ។

ករណីនេះប្រសិនបើ លោកស្រី “គ” ចាញ់ក្តី នោះលោកស្រី “គ” អាចទាមទារឱ្យ លោក “ក” ដែលអ្នកមានកាតព្វកិច្ចចម្បង សងប្រាក់ដែលខ្លួនបានអនុវត្តកាតព្វកិច្ចចំពោះលោក “ខ” មកវិញ ។ ដូច្នេះដើម្បីការពារផលប្រយោជន៍តាមផ្លូវច្បាប់របស់ខ្លួន លោក “ក” អាចចូលរួមអន្តរាគមន៍ក្នុងបណ្តឹង ដើម្បីជួយលោកស្រី “គ” បាន ។

ពាក្យសុំចូលរួមជួយអន្តរាគមន៍ ត្រូវធ្វើទៅតុលាការដែលខ្លួននឹងត្រូវធ្វើសកម្មភាពបណ្តឹងតាមការចូលរួមជួយអន្តរាគមន៍ ដោយមានបញ្ជាក់ថា តើចូលរួមជួយអន្តរាគមន៍ សម្រាប់ភាគីនៃបណ្តឹងណា ព្រមទាំងបញ្ជាក់នូវមូលហេតុនៃការចូលរួមឱ្យបានច្បាស់លាស់ផង ។ ពាក្យសុំចូលរួមជួយអន្តរាគមន៍ អាចធ្វើឡើងបាន ព្រមជាមួយគ្នានឹងសកម្មភាពបណ្តឹងដែលអ្នកចូលរួមជួយអន្តរាគមន៍អាចធ្វើបាន ។ ប្រសិនបើមានការប្តឹងតវ៉ានឹងការចូលរួមជួយអន្តរាគមន៍ តុលាការត្រូវសម្រេចសេចក្តីនូវការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យចូលរួមជួយអន្តរាគមន៍ ដោយដីកាសម្រេច ។ក្នុងករណីនេះ អ្នកចូលរួមជួយអន្តរាគមន៍ត្រូវធ្វើសេចក្តីបញ្ជាក់ដំបូងអំពីមូលហេតុនៃការចូលរួម ។ ប៉ុន្តែបណ្តឹងតវ៉ាខាងលើនេះ មិនអាចធ្វើបានឡើយក្រោយពេលភាគីបានធ្វើសេចក្តីដោះសានៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬបានធ្វើការឆ្លើយទាញហេតុផលនៅក្នុងការទាញហេតុផលដោយផ្ទាល់មាត់ ដោយគ្មានការប្តឹងតវ៉ា ។

សកម្មភាពបណ្តឹងនៃអ្នកចូលរួមជួយអន្តរាគមន៍ អ្នកចូលរួមជួយអន្តរាគមន៍អាចដាក់វិធីតទល់ ឬការពារខ្លួន អាចធ្វើការប្តឹងតវ៉ា អាចប្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ អាចទាមទារឱ្យធ្វើការជំនុំជម្រះសាជាថ្មី និងអាចធ្វើសកម្មភាពបណ្តឹងផ្សេងទៀតទាក់ទងនឹងបណ្តឹងនោះ លើកលែងតែសកម្មភាពដែលអ្នកត្រូវគេជួយចូលរួមអន្តរាគមន៍មិនអាចធ្វើបាន នៅពេលដែលខ្លួនបានចូលរួមជួយអន្តរាគមន៍ ។ ប្រសិនបើសកម្មភាពបណ្តឹងដែលធ្វើដោយអ្នកចូលរួមជួយអន្តរាគមន៍ បានប៉ះពាល់ប្រឆាំងនឹងសកម្មភាពបណ្តឹងរបស់អ្នកដែលត្រូវគេចូលរួមជួយអន្តរាគមន៍ សកម្មភាពនោះពុំមានអនុភាពឡើយ ។ ទោះបីជាមានការប្តឹងតវ៉ាចំពោះការចូលរួមជួយអន្តរាគមន៍ក៏ដោយ ក៏អ្នកចូលរួមជួយអន្តរាគមន៍អាចធ្វើសកម្មភាពបណ្តឹងបាន រហូតដល់ពេលដែលការសម្រេចសេចក្តីរបស់តុលាការថា មិនអនុញ្ញាតឱ្យចូលរួមជួយអន្តរាគមន៍នោះ ចូលជាស្ថាពរ ។

សកម្មភាពបណ្តឹងរបស់អ្នកចូលរួមជួយអន្តរាគមន៍ ទោះជាមានការសម្រេចសេចក្តីរបស់តុលាការថា មិនអនុញ្ញាតឱ្យចូលរួមជួយអន្តរាគមន៍ ចូលជាស្ថាពរក៏ដោយ ក៏សកម្មភាពនោះ នឹងមានអានុភាពដែរ ប្រសិនបើភាគីបានលើកឡើងនូវសកម្មភាពនោះ ។

សរុបសេចក្តីមក ការចូលរួមជួយអន្តរាគមន៍ក្នុងបណ្តឹង គឺជានីតិវិធីមួយដែលបើកសិទ្ធិឱ្យតតិយជនដែលមានការទាក់ទងនឹងផលប្រយោជន៍តាមផ្លូវច្បាប់ អំពីលទ្ធផលនៃបណ្តឹង អាចចូលរួមអន្តរាគមន៍ក្នុងបណ្តឹង ដើម្បីជួយភាគីម្ខាងណាមួយបាន ដោយអាចដាក់វិធីតទល់ ឬការពារខ្លួន អាចធ្វើការប្តឹងតវ៉ា អាចប្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ អាចទាមទារឱ្យធ្វើការជំនុំជម្រះសាជាថ្មី និងអាចធ្វើសកម្មភាពបណ្តឹងផ្សេងទៀតទាក់ទងនឹងបណ្តឹងនោះ លើកលែងតែសកម្មភាពដែលអ្នកត្រូវគេជួយចូលរួមអន្តរាគមន៍មិនអាចធ្វើបាន នៅពេលដែលខ្លួនបានចូលរួមជួយអន្តរាគមន៍ ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ភា ពិសិដ្ឋ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC)លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕