(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះថា រដ្ឋបាលក្រុងបាវិត បានធ្វើការជួសជុលស្ថាបនា សាងសង់ផ្លូវថ្មមិច មួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ជាប្រភេទផ្លូវបេតុង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចចុងផ្លូវបេតុង (ផ្លូវមុខវរៈព្រំដែន) រហូតដល់វត្តបុព្វារាម (វត្តព្រៃយាយ) ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិកា ពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN RESORT CO.LTD) និងសប្បុរសជននានា ក្នុងក្រុងបាវិត។

ជាមួយគ្នានេះ លោកអភិបាលក្រុងបាវិត បានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវ១ខ្សែនេះ បានចូលរួមសហការប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យការស្ថាបនាផ្លូវបានប្រព្រឹត្តិទៅ ដោយរលូនពុំមានការរាំងផ្ទះអ្វីនោះទេ។

បន្ថែមលើសពីនេះ លោកអភិបាលក្រុង បានឱ្យដឹងទៀតថា ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានជំរុញការងារកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តាស្រុក ក្រុង នានាក្នុងខេត្តស្វាយរៀង ជាពិសេសក្រុងបាវិត ដោយមានទាំងគម្រោងស្ថាបនា របស់រាជរដ្ឋាភិបាល និងសប្បុរសជនចូលរួមយ៉ាងច្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានក្រុងបាវិតឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោកបានបន្ថែមថា កំណាត់ផ្លូវមួយនេះ ជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរ សេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន សំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្រុងបាវិតបានមួយកម្រិតបន្ថែមទៀតផងដែរ។

លោកអភិបាលក្រុងបាវិត បានសំណូមពរដល់ពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម ក្នុងគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អ ស្អាត ងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា៕