(ភ្នំពេញ)៖ គណៈអភិបាល សមាជិក សមាជិកា ក្រុមប្រឹក្សា និងមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្ដិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅបរិវេណសាលាខណ្ឌច្បារអំពៅ។
មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអាននូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិ នូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត។
សូមជម្រាបជូនថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាន និង កំពុងអនុវត្តគម្រោងនេះ ដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
គោលបំណងនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សា និងសន្តិភាព» គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀត របស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេន នៃវីរជនខ្មែរជំនាន់ក្រោយៗ សា្មរតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ៕