(កំពង់ធំ)៖ បណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ បាននាំយកទានព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេន ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា ចំនួន១០វត្ត នៅបរិវេណវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ។
លោកបណ្ឌិត ជីវ កេង បានពាំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេចតែងតែមានការព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃព្រមទាំង ពុទ្ធបរិស័ទទាំងអស់ និងសូមប្រគេនពរជូនដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចកីសុខ សេចកីចម្រើន សុខភាពល្អ និងអាយុយឺនយូរ ដើម្បីចូលរួមចំណែកក្នុងការកសាងវិស័យ ព្រះ ពុទ្ធ សាសនា ដែល ជា សាសនា របស់ រដ្ឋ និងកសាងអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
លោកបានលើកឡើងថា ការប្រគេនទៀនព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនវត្តចំនួន១០ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីប្រគេនព្រះសង្ឃ និងភិក្ខុសង្ឃគង់ចាំវស្សា (៣ខែ) នៅតាមវត្តអារាមនានា ដែលនារដូវកាលនេះ ព្រះសង្ឃត្រូវចៀសវាងការធ្វើដំណើរក្នុងរដូវវស្សា ពិធីនេះក៏ជាឱកាសសម្រាប់ព្រះសង្ឃពង្រឹងសមាធិ និងការសិក្សាព្រះធម៌យើង នាំឧបត្ថម្ភគាំទ្រទៅតាមលទ្ធភាព ក្នុងវិស័យសាសនាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទាំងអស់គ្នា។
លោកបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជាយើង តាមរយៈការអប់រំសីលធម៌ការសិក្សាអប់រំ និងការប្រណិប័តន៍របស់ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកនៅតាមទីវត្តអារាមនានា ដែលជាកន្លែងសម្រាប់ការសិក្សាអប់រំរបស់យុវជនមកពីជនបទ និងនៅតាមទីក្រុងផងដែរ។
លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងបុត្រ និងចៅ ព្រមទាំងក្រុមការងារ បានប្រគេនទៀនព្រះវស្សា បច្ច័យមួយចំនួន និងទេយ្យទាន ដល់ព្រះសង្ឃចំនួន១០វត្ត គឺក្រុងស្ទឹងសែន១វត្ត ស្រុកកំពង់ស្វាយ១វត្ត និងស្រុកប្រាសាទសំបូរ៨វត្តដោយក្នុងមួយវត្តសម្ភារៈមាន៖
-ទៀនវស្សា ១គូ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ ទឹកដោគោខាប់ ស្ករស ទឹកសុីវអុីវ ទឹកត្រី មី ត្រីខ សៀងផ្អែម ប្រេងឆា តែ កាហ្វេ ខ្ទឹម ប៊ីចេង អំបិល និងធុងធំ១ និងបច្ច័យមួយចំនួន៕