(កំពត)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយគណៈប្រតិភូក្រសួងរួមមាន រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ទៅពិនិត្យជាក់ស្ដែងស្ថានភាពស្ពានឈើដែលមានសភាពចាស់ទ្រុឌទ្រោមពិបាកធ្វើដំណើរឆ្លងកាត់ ១កន្លែង ប្រវែង ៥០ម៉ែត្រ ទទឹង ៣.៥ម៉ែត្រ។
ស្ពានឈើនេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០០០ ដោយព្រះចៅអធិការវត្តគីរីបុប្ផាចំការល្ង និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត សម្រាប់ឆ្លងកាត់ពីភូមិក្រឡង់ ឃុំស្ដេចគង់ខាងជើង ទៅភូមិចម្លងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបជូនថា ការចុះពិនិត្យនេះ តាមការស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ៤ភូមិ និងអាជ្ញាធរមូលដ្ឋាន ដែលពួកគាត់ មានផលលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរកាន់វត្តអារាម មណ្ឌលសុខភាព សាលាឃុំ ដែលជាមណ្ឌលផ្តល់សេវាសាធារណៈផ្សេងៗ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសម្រាប់សិស្សានុសិស្សទៅសាលារៀន។
ក្នុងឱកាសចុះពិនិត្យ លោករដ្ឋមន្ដ្រី បានណែនាំដល់នាយកដ្ឋានផ្លូវលំ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យលទ្ធភាពដើម្បីធ្វើការជួសជុលបឋមជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានសុវត្ថិភាព ក្នុងពេលរង់ចាំស្ថាបនាស្ពានថ្មីជូនតាមសំណើ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹក ព្រមទាំងបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕