(ព្រះសីហនុ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តាំផ្ញើដល់មន្ត្រី គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្លាំងចំពោះព័ត៌មាននានាដែលខ្លួនទទួលបាន និងចែកចាយបន្ត ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្សព្វផ្សាយព័ត៌មាន និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេស ចំពោះការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្លាំង ដែលអាចបង្កជាការគំរាមកំហែងថ្មី និងគួរឱ្យព្រួយបារម្ភទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។
ក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នករាជការ គ.ជ.ប ស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការងារបោះឆ្នោត ក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)» នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ, លោក ទេព នីថា បានថ្លែងថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តទៅដោយរលូន ហើយសិក្ខាកាមទាំងអស់ក៏មានការយល់ដឹងកាន់តែច្បាស់អំពីព័ត៌មាន ក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលអាចបង្កជាការកំរាមកំហែងដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា នាសម័យបដិវត្តិន៍ឧស្សាហកម្ម ៤.០។
លោកថាក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីសំខាន់ក្នុងការឃ្លាំមើលសកម្មភាពរបស់អ្នកដឹកនាំ លើកកម្ពស់តម្លាភាព និងទំនួលខុសត្រូវរបស់អ្នកនយោបាយ សំដៅរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ព្រមទាំងរាយការណ៍អំពីព្រឹត្តិការណ៍នានាជូនប្រជាពលរដ្ឋបានដឹងដើម្បីធ្វើការសម្រេចផ្នែកនយោបាយ។ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានក៏អាចជាអាវុធមុខពីរ ដែលបង្កឱ្យមាន ជម្លោះ ការបែកបាក់ អស្ថិរភាពសង្គម និងគំរាមកំហែងដល់សន្តិសុខជាតិ ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះដែរ លោក ទេព នីថា បានបញ្ជាក់ថា យើងដឹងហើយថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យា ព័ត៌មាន ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបានរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតព័ត៌មាន និងបញ្ជូនព័ត៌មានបានលឿន និងទូលំទូលាយដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះក៏កំពុងបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់ពិភពលោកតាមរយៈរូបភាព ឬសំឡេងក្លែងក្លាយ និងព័តមានក្លែងក្លាយជាដើម។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសហៅថា Artificial Intelligence (AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាកម្មវិធី ឬប្រព័ន្ធមួយដែលមានសមត្ថភាពធ្វើឱ្យម៉ាស៊ីនមានរបៀបគិតបានដូច ឬស្រដៀងមនុស្ស។
ភ្ជាប់ជាមួយគ្នានេះដែរ លោកក៏លើកឧទាហរណ៍ជាក់ស្តែង ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ យើងសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្កើតព័ត៌មានដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដែលមាតិកា ទាំងនោះរួមមានព័ត៌មានជាសំណេរ ជាសំឡេង ជារូបភាពយោធា និងសញ្វវុធ ព្រមទាំងជាឃ្លីបវីដេអូខ្លីៗជាដើម ហើយថ្មីៗនេះមានជនអនាមិកថៃបានកាត់តវីដេអូថ្នាក់ដឹកនាំប្រទេសយើង ដោយប្រឌិតសំឡេងទៅជាភាសាថៃ។
អគ្គលេខាធិការ គ.ជ.ប រូបនេះ បានរម្លឹកថា នៅកម្ពុជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៦ ថ្មី (ពីរ) ក៏ហាមគណបក្សនយោបាយមិនឱ្យប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឍិម ដើម្បីជាផលប្រយោជន៍សម្រាប់គណបក្សនយោបាយរបស់ខ្លួនដែរ»។ ឧទាហរណ៍មួយទៀត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅប្រទេសមួយចំនួនបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រឌិតវីដេអូ និងសំឡេង អំពាវនាវប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោតជាដើម។ ទាំងអស់នេះ គឺជាករណីសិក្សាសម្រាប់ គ.ជ.ប ដកពិសោធន៍ដើម្បីត្រៀមលក្ខណៈរៀបចំការបោះឆ្នោតនាពេលខាងមុខ ជាពិសេសគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពិសេសនេះហើយ, លោកមានជំនឿយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់ពិតជាបានយល់ដឹងអំពីសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន ហានិភ័យបណ្តាលមកពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការរីកចម្រើននៃបច្ចេកវិទ្យា ចំណុចខ្លាំង ចំណុចខ្សោយ និងការគំរាមកំហែងរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកលើដំណើរការបោះឆ្នោត ព្រមទាំងវិធីសាស្រ្ត ទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះលោកសង្ឃឹមថាសិក្ខាកាមទាំងអស់មុននឹងជឿលើព័ត៌មានអ្វីមួយ ត្រូវតែរកព័ត៌មានពីប្រភពផ្សេងទៀតឱ្យបានច្រើនដើម្បីផ្ទៀងផ្ទាត់ថាព័ត៌មានទាំងនោះជាព័ត៌មានពិត ឬក្លែងក្លាយ ឬជាព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងគួរចៀសវាងចែកចាយបន្តនូវព័ត៌មានក្លែងក្លាយ ដែលអាចគំរាមកំហែងដល់ស្ថាប័ន គ.ជ.ប ការបោះឆ្នោត សន្តិសុខផ្ទាល់ខ្លួន និងសន្តិសុខជាតិជាយថាហេតុ៕