(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។ ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាពេលនេះ គឺបានធ្វើឡើងស្របគ្នាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥។
យោងតាមប្រវត្តិដែលបានចងក្រងទុក បានឱ្យដឹងថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៤៤៦ NS. និង៤៤៧ NS. ដែលមានឈ្មោះដំបូងថា «កងរាជអាវុធហត្ថខ្មែរ» បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ»។ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជាពុំមានកងរាជអាវុធហត្ថទេ។
តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា និងរចនាសម្ព័ន្ធចាត់តាំង នៃអគ្គសេនាធិការដ្ឋាន ក្នុងចំណោមស្ថាប័ន អង្គភាពទ័ពជំនាញ មានស្ថាប័នជំនាញមួយ គឺ «កងអាវុធហត្ថ» ដែលមានតួនាទី ជាតម្រួតយោធាគ្រប់គ្រងលើផ្នែកវិន័យ សណ្តាប់ធ្នាប់កងទ័ពទាំងទីតាំងក្នុងបន្ទាយ និងតាមទីសាធារណៈ។
ដោយផ្អែកទៅតាមសភាពការណ៍សំណូមពរសន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ. និងបន្ទាប់មកបានធ្វើវិសោធនកម្មដោយអនុក្រឹត្យលេខ៧៧ អនក្រ. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ចែងអំពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថ ដែលគ្រប់គ្រងដោយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិសរដ្ឋបាល ដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។
កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ចាប់តាំងពីបង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រមទាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់, រួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួបគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។ រីឯការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ជំរិតទារប្រាក់, ករណីផលិត និង ចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណីប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើសធនធានធម្មជាតិ, បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការពង្រឹងការអនុវត្តច្បាប់ ។ល។ ស្របតាមការវិវត្តសភាពការណ៍ជាតិ និងអន្តរជាតិ កងរាជអាវុធហត្ថ បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ប្រព័ន្ធដឹកនាំបញ្ជា កំណត់តួនាទីភារកិច្ចច្បាស់លាស់ របៀបរបបការងារស៊ីសង្វាក់ប្រទាក់ក្រឡា។
កងរាជអាវុធហត្ថ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការកសាងធនធានមនុស្សផងដែរ។ ការងារកសាងធនធានមនុស្សកងរាជអាវុធហត្ថយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៣រួមមាន៖ ទី១- មានគុណភាព ក្រមសីលធម៌ ស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខ។ ទី២- ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែកវិជ្ជាជីវៈ។ និងទី៣- ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿងបំពាក់។
ការងារគោលនយោបាយវិញបានលេចធ្លោ ដោះស្រាយទុក្ខលំបាកដល់យោធិនៃកងរាជអាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថ តាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរហ្នឹងហ្នរត្រឹមត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ ជាមួយគ្នានោះ ក៏បានបំពាក់មធ្យោបាយ សម្ភារ ក្រៅពីគោលរបបរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត កងរាជអាវុធហត្ថ បានម្ចាស់ការទិញបំពាក់បណ្ដើរៗ ដើម្បីបម្រើកិច្ចប្រតិបត្តិការ និងហ្វឹកហ្វឺន ពីថ្នាក់ជាតិ ដល់ថ្នាក់រាជធានី ខេត្ត និងបានយកចិត្តទុកដាក់ថែទាំគត់មុតនូវមធ្យោបាយ យុទ្ធោបករណ៍ សម្ភារ គ្រឿងបំពាក់ដែលមានស្រាប់។
ចំណុចលេចធ្លោមួយទៀត គឺការងារកសាងអង្គភាព បានបោះជំហានប្រែប្រួលសន្សឹមៗទៅមុខជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ បានដំណើរការកសាងសំណង់ជំរំជម្រក បន្ទាយ សាលា អគារធ្វើការ អគារស្នាក់នៅ អគារសិក្សារៀនសូត្រ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បានធ្វើការទិញដីពង្រីកទីបញ្ជាការ ទិញដីផ្លាស់ប្តូរទីតាំង បាននិងកំពុងសាងសង់សំណង់ស្ថាបត្យកម្មរចនាបទខ្មែរ ប្លង់ឯកភាពតែមួយមានជាអាទិ៍៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ, ខេត្តព្រះសីហនុ ខេត្តកំពត, ខេត្តតាកែវ, ខេត្តឧត្តមមានជ័យ, ខេត្តបន្ទាយមានជ័យ។ល។ ចំណែកឯខេត្តមួយចំនួនទៀត គ្រោងនឹងដំណើរការបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។
យោងតាមសំណូមពរតម្រូវការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្តាលកសាងសមត្ថភាពបានបែងចែកសាលាជា២កម្រិត៖ សាលានាយទាហានជំនាញកងរាជអាវុធហត្ថ និមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរងនៃកងរាជអាវុធហត្ថ។ បានដំឡើងកម្រិតសិក្សា សាលាកងរាជអាវុធហត្ថកំបូល ទៅជាវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងបានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនេះ។ គ្រឹះស្ថានសិក្សាទាំង២ មានតួនាទីអប់រំបណ្ដុះបណ្តាល បំប៉ន វិក្រឹត្យការដល់ជំនាញ វិជ្ជាជីវៈកងរាជអាវុធហត្ថទៅតាមតួនាទី ភារកិច្ច ដូចមានចែងក្នុងអនុក្រឹត្យ ក្រមនីតិវិធីព្រហ្មទណ្ឌ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអប់រំបណ្តុះបណ្តាល បំប៉ន វិក្រឹត្យការជាច្រើនវគ្គ ក្នុងរយៈពេល៣២ឆ្នាំកន្លងទៅនេះ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការអបអរសាទរខួបនៃថ្ងៃកំណើតកងរាជអាវុធហត្ថហើយនោះ កម្មវិធីនាព្រឹកថ្ងៃនេះ ក៏ភ្ជាប់ជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយផងដែរ។ មជ្ឈមណ្ឌលនេះ មានទីតាំងនេះស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
របាយការណ៍បានបង្ហាញថា នៅក្នុងរដូវប្រាំងឆ្នាំ២០០៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំធ្វើការសិក្សា ដើម្បីរៀបចំមណ្ឌលហ្វឹកហ្វឺននាយទាហានរងកងរាជអាវុធហត្ថ។ ម៉្យាងទៀតដោយផ្អែកទៅលើសំណូមពរការងារការពារខ្សែក្រវ៉ាត់សន្តិសុខរាជធានីភ្នំពេញ និងប្រៀបការពារជាតិ ពីទិសខាងលិចចន្លោះជួរភ្នំឱរ៉ាល់ ភ្នំក្រវ៉ាញ និងបឹងទន្លេសាប ច្រកចេញចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងផ្លូវទឹកតាមដងទន្លេសាប ព្រមទាំងទីតាំងដីមិនទាន់ប្រើប្រាស់ ព្រៃឈើត្រូវបានកាប់បំផ្លាញផង។
ក្រោយពីការសិក្សានាយឧត្តមសេនីយ៍ សៅ សុខា បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីជ្រើសរើសយកតំបន់នេះ ធ្វើជាមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរងនៃកងរាជអាវុធហត្ថ។ សម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ដីជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមអនុក្រឹត្យលេខៈ១៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០។ ដោយសារតំបន់នេះ មានប្រជាពលរដ្ឋតាំងលំនៅជាង ២៦០គ្រួសារ កងរាជអាវុធហត្ថ ក៏បានធ្វើការសម្របសម្រួលរៀបចំដោះដូរទីតាំងមួយកន្លែងឱ្យទៅរស់នៅទីតាំងថ្មី និងគ្រួសារមួយចំនួនទៀត បានទាមទារដោះស្រាយជាថវិកា។ ភូមិសាស្ត្រនេះ ជាតំបន់ព្រៃភ្នំ ស្ថានភាពដីមិនស្មើ និងពុំទាន់មានថវិកាផងនោះ ខ្ញុំបន្តដឹកនាំក្រុមបច្ចេកទេសធ្វើការសិក្សា ដើម្បីរៀបចំប្លង់មេ រៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់ ដោយបែងចែកជា៖ ទី១. តំបន់រដ្ឋបាលរបស់សាលា, ទី២. តំបន់ស្នាក់នៅរបស់សិក្ខាកាម, ទី៣. តំបន់សិក្សាក្នុងថ្នាក់, ទី៤. តំបន់ស្នាក់នៅរបស់បុគ្គលិក, ទី៥. ទីលានហ្វឹកហាត់, ទី៦. ទីលានបាញ់គ្រាប់ពិត, ទី៧. ទីលានធ្វើសមយុទ្ធថ្នាក់យុទ្ធវិធី, ទី៨. ប្រព័ន្ធឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារ មធ្យោបាយ, ទី៩. ទីលានកីឡា និងតំបន់ទទួលភ្ញៀវ។
រហូតដល់ឆ្នាំ២០១២ ទើបចាប់ផ្តើមសាងសង់សំណង់ទៅលើទីតាំងនេះ និងការអនុវត្តគម្រោងផែនការរួចរាល់គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានជាអាទិ៍៖
១- តំបន់រដ្ឋបាល៖ អគារទីចាត់ការ, ផ្ទះនាយក, ផ្ទះបាយ, ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ២- តំបន់ស្នាក់នៅ៖ អគារស្នាក់នៅសម្រាប់នាយទាហាន, អគារស្នាក់នៅសម្រាប់សិក្ខាកាម, ផ្ទះបាយ និងឡផលិតចំហាយទឹកសម្រាប់ចម្អិនអាហារ, បន្ទប់អនាម័យ, ៣- តំបន់សិក្សា ហ្វឹកហ្វឺន និងកីឡា៖ អគារពហុសិក្សា, អគារសិក្សា, អគារយោធាចារ្យ, មន្ទីរពេទ្យនិងបរិក្ខារពេទ្យ, អគារវេទិកាអចិន្ត្រៃយ៍, ទីលានឧបសគ្គ និងឧបករណ៍ហ្វឹកហាត់, តារាងបាល់ទាត់, ចំណតរថយន្ត, ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ៤- តំបន់ទីលានបាញ់គ្រាប់ពិត៖ អគារស្នាក់នៅ, អគារវេទិកា, អគារបដិសណ្ឋារកិច្ច, បន្ទប់ត្រួតពិនិត្យស៊ីប, អគារហ្វឹកហាត់តាមបច្ចេកវិទ្យា, ទីលានបាញ់កាំភ្លើងខ្លីនារី, កាំភ្លើងខ្លីបុរស, កាំភ្លើងវែង, កាំភ្លើងការ៉ាប៊ីន, កាំភ្លើងយន្ត, ឃ្លាំងដាក់អាវុធ គ្រាប់, ផ្ទះបាយនិងឡផលិតចំហាយទឹកសម្រាប់ចម្អិនអាហារ, ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ចំណត់រថយន្ត, ៥- ប្រព័ន្ធ ឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារ មធ្យោបាយ៖ អគារស្នាក់នៅសម្រាប់បុគ្គលិកឃ្លាំង, អគារដាក់រថយន្ត, ឃ្លាំងដាក់សម្ភារ ភស្តុភារ និងបច្ចេកទេស, ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត។ល។
សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា សមិទ្ធផលទាំងអស់នេះ កើតឡើងបាន គឺដោយសារប្រទេសមានសន្តិភាព ហើយសន្តិភាពនេះកើតឡើង ដោយនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងមានការចូលរួមពីប្រតិបត្តិករទាំងអស់។ សន្តិភាពនេះហើយ ដែលជាឱកាសឱ្យយើងខ្ញុំ ប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការវិស័យសន្តិសុខ និងវិស័យការពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ។
បច្ចុប្បន្នតំបន់នេះ កងរាជអាវុធហត្ថ បានថែរក្សា ការពារព្រៃឈើ សត្វព្រៃបានគង់វង្ស ហើយមានគម្រោងផែនការនឹងរៀបចំមួយផ្នែកនៃតំបន់នេះ ទៅជាតំបន់ទេសចរធម្មជាតិ កម្សាន្តលំហែសប្បាយរបស់ប្រជាជន៕