(ភ្នំពេញ)៖ មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត ដែលមានតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រ នូវសម្ភារបច្ចេកទេសទំនើប ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅតជំនាន់ នៅតាមតំបន់ការពារធម្មជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ ដល់មន្រ្តី និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការល្អ ការអនុវត្តច្បាប់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនៅតាមតំបន់ការពារធម្មជាតិ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថាមន្រ្តី បានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ និងធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថាន បានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែង នៃតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព។

ជាក់ស្តែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល និងស្នាក់ការរងភ្នំកូនឆ្កែរ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានចុះល្បាតពិនិត្យទីតាំងកាប់រានដីព្រៃ ដែលទទួលបានពីផ្កាយរណប របស់ក្រសួងបរិស្ថាន ត្រង់ចំណុចស្រែវែងរកឃើញ បុស្សចាស់ អាយុកាលប្រហែល៥ឆ្នាំ មានទំហំប្រមាណ០១ហិកតា។ បន្ទាប់មកនៅចំណុចព្រៃរាំង រកឃើញមានជាស្លាកស្នាមកាប់រានដីចាស់ មានអាយុកាលប្រហែល២ឆ្នាំ មានទំហំប្រមាណ០,៨ហិកតា ទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សូមរំលឹកផងដែរថា ក្រសួងបរិស្ថានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖

ទី១៖ ការអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

ទី២៖ ពង្រឹងកិច្ចសហការ ជាមួយគណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ សហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន

ទី៣៖ គាំទ្រផ្តល់មធ្យបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូន ដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួលដល់ ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមទៀត ដើម្បីពង្រឹងលើការព្រប់គ្រងធនធានធម្មជាតិ

និងទី៤៖ លើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង និងជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង ចូលរួមទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចបានកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕