(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សស្នាក់ការកណ្ដាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញទទួលអតីតបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន ឆ្នាំ២០២២ ចំនួន៥១រូប មកពីឃុំចំនួន២ គឺឃុំស្វាយរំពារ និងឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រកាសផ្ដាច់ខ្លួនចេញពីបក្សប្រឆាំង និងសូមគោរពស្នើសុំ​សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

បេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនគាំទ្រទាំង៥១រូបនេះ បានអះអាងថា ពួកគាត់ទាំងអស់គ្នាស្ម័គ្រចិត្តដោយខ្លួនឯង មិនមានការបង្ខំ ឬទិញដូរអ្វីឡើយ ដោយសារឈប់ជឿរលើមេដឹកនាំបក្សប្រឆាំង និងឈប់ចាញ់ល្បិចកលនយោបាយបោកប្រាស់ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកតទៅទៀតហើយ និងគាំទ្ររាជរដ្ឋាភិបាល ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះជាមោទនៈភាពជាតិខ្មែរ។

បេក្ខជនភ្នាក់ងារគណបក្សភ្លើងទៀន និងអ្នកគាំទ្របក្សប្រឆាំងដែលទើបភ្ញាក់រលឹកទាំង ៥១រូបខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំងមានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វី​ដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួកបានព្យាយាមធ្វើសកម្មភាពរារាំង គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍ មហាសាល​សម្រាប់ជាតិ រួមទាំងសកម្មភាពអុចអាលប្រជាពលរដ្ឋឱ្យឈប់គាំទ្ររាជរដ្ឋាភិបាល ដោយឈរនៅជាមួយថៃ ក្នុងករណីជម្លោះព្រំដែនកម្ពុជា-ថៃ ថែមទៀតផង ដែលសកម្មភាពនេះជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ​របស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

ពួកគាត់ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង។

ក្នុងឱកាសនោះផងដែរ លោក ទី ប៊ុនថេង បានឡើងសំណេះសំណាលស្វាគមន៍ដល់សកម្មជនទាំងអស់ដែលបានចូលរួមក្នុងពិធីក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងបានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសំណេះសំណាលដល់សកម្មជនគាំទ្រមកពីអតីតគណបក្សភ្លើងទៀន និងកោតសរសើរនូវការកែប្រែចិត្ត ជ្រើសរើសផ្លូវដ៏ត្រឹមត្រួវឡើងវិញ គឺស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍន៍កម្ពុជាតាំងពីបាតដៃទទេ (បាតដៃឥតម្រាម) រហូតមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើម និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាសមិទ្ធផលនៃការរក្សាសន្តិភាព៕