(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសគាំទ្រ ចំពោះគោលគំនិតនៃការរៀបចំតំបន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅផ្នែកណាមួយដើម្បីឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហការគ្នារៀបចំឲ្យលេចចេញជារូបរាងឡើង។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រការស្ថាបនាផ្លូវក្នុងតំបន់មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសិក្សា និងដំណើរការរៀបចំស្ថាបនា។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាស គាំទ្រចំពោះគោលគំនិត នៃការរៀបចំតំបន់នេះមួយផ្នែក ឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សូមគ្រប់អង្គភាព សហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង»។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា តំបន់នេះមិនត្រូវរៀបចំឲ្យប៉ះពាល់ដល់តំបន់ហ្វឹកហ្វឺនទ័ពនោះទេ ពោលគឺត្រូវព្យាករណ៍ថា ថ្ងៃមុខតំបន់នេះ នឹងត្រូវរក្សាទីតាំងសម្រាប់ទីលានហ្វឹកហ្វឺនបន្ថែមទៀត ជាពិសេសនឹងមានអាវុធហ្វឹកហាត់ បែបទំនើប បាញ់បានកាន់តែឆ្ងាយ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះការស្ថាបនា ផ្លូវ និងតំបន់អភិវឌ្ឍន៍ទេសចរណ៍ ត្រូវរៀបចំយ៉ាងណា បញ្ចៀសកន្លែងដែលមានគ្រាប់ហោះកាត់ និងជាទីតាំងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទៅទស្សនាកម្សាន្ត លំហែកាយ ដោយមិនមានការរំខាន ដោយសម្លេងគ្រាប់កាំភ្លើង គ្រាប់ប្លោង ឬការហ្វឹកហ្វឺនរបស់កងទ័ព។
ថ្លែងទៅកាន់អង្គពិធី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រការស្ថាបនាផ្លូវក្នុងតំបន់មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដោយប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ និងនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការសិក្សា និងដំណើរការរៀបចំស្ថាបនា ជាពិសេសអភិវឌ្ឍន៍ ទីតាំងនេះទៅជាមជ្ឈមណ្ឌលពហុសាស្រ្ត រួមជាមួយមជ្ឈមណ្ឌលពហុអង្គភាព នាពេលអនាគត៕