(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុម ការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានលើកឡើងអំពីបញ្ហានៃ ស្ថានភាពតាមព្រំដែនថា ប្រសិនបើគ្មានការដឹកនាំត្រឹមត្រូវ និងប្រាកដនិយម និងការសាមគ្គីជាធ្លុងមួយ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងការភាពអង់អាចក្លាហាន និងការអត់ធ្មត់របស់វីរកងទ័ពកម្ពុជា ពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះទេនោះកម្ពុជាក៏មិនអាចទទួលបានស្ថេរភាពនោះដែរ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ទីស្នាក់ការគណបក្សឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ស្ថានភាពនៅបណ្តាប្រទេសមួយចំនួន ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានកំពុងបង្កឱ្យមានសោកនាដកម្ម បាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់ ផ្លូវថ្នល់ សំណង់អគារ ផ្ទះសំបែង ក្នុងនោះប្រជាជនដែលនៅ រស់រានមានជីវិត ត្រូវរត់រប៉ាត់រប៉ាយចោលប្រទេសកំណើតរបស់ខ្លួន អ្នកវិនិយោគបាត់បង់នូវជំនឿទុកចិត្ត ការបាត់បង់ការងារ និងប្រាក់ចំណូលជាដើម។ ដោយឡែកកម្ពុជា ក៏កំពុងជួបបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដែលផ្តើមចេញពីការប៉ះទង្គិចប្រដាប់អាវុធ រវាង ទាហ៊ានថៃ និងកម្ពុជានៅតំបន់មុំបី ហើយឈានដល់ការបិទខ្ទប់ច្រកព្រំដែន ដោយឯកតោភាគីរបស់ថៃ ដែលធ្វើឱ្យមានការរាំងស្ទះ ដល់ការនាំចេញ-នាំចូលទំនិញ និងផលប៉ះពាល់ទៅលើពលករចំណាកស្រុកខ្មែរនៅប្រទេសថៃផងដែរ។
លោកស្រីបណ្ឌិតបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋាភិបាលបានចាត់វិធានការជាច្រើន ដើម្បីជួយបងប្អូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ជាពិសេសក្នុងការបន្ធូរបន្ថយបញ្ហាហិរញ្ញវត្ថុ ជូនប្រជាពលករ ដែលជំពាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានសហការជាមួយ រាជរដ្ឋាភិបាល ជួយសម្រាលបន្ទុកហិរញ្ញវត្ថុ តាមរយៈការរៀបចំឥណទានឡើងវិញ សម្រាប់ករណីដែលមានតម្រូវការជាក់ស្ដែង ក៏ដូចជាវិធានការចម្រុះផ្សេងៗទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមក។
លោកស្រីបណ្ឌិតបានបន្ថែមទៀតថា ជាងនេះទៅទៀតរដ្ឋាភិបាលបាន បញ្ជូនសំណុំរឿងនេះ ទៅតុលាការអន្តរជាតិជាអ្នកសម្រេច ជាជាងការតតាំងទ្វេភាគី និងការឆ្លើយតបក្រឡិចក្រឡុចរបស់ភាគីថៃ។
លោកស្រីបណ្ឌិត ជា សិរី បានសង្កត់ធ្ងន់ថា «ជុំវិញស្ថានភាពតាមព្រំដែននេះ បើគ្មានការដឹកនាំ និងការសាមគ្គីជាធ្លុងមួយ តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ការភាពអង់អាចក្លាហាន និងការអត់ធ្មត់របស់វីរៈកងទ័ពយើង ពិសេសការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះទេ កម្ពុជាក៏មិនអាចទទួលបានស្ថេរភាពដល់ពេលនេះដែរ។ ក្នុងនោះសូមអំពាវនាវដល់លោក លោកស្រី សមាជិក-សមាជិកាគណបក្សទាំងអស់ បន្តគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល និងជឿជាក់លើការដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រទេសជាតិបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម ជាពិសេសបន្តទទួលបានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
ក្នុងឱកាសនោះផងដែរលោកស្រីបណ្ឌិត ជា សិរី បាននាំយកអំណោយ និងប្រាក់ឧបត្ថម្ភ ចែកជូនបងប្អូនសមាជិក-សមាជិកាគណបក្សប្រជាជនឃុំ ជ្រាប់ ប្រមាណ ២៥១ នាក់រួមមាន៖ ឧបត្ថម្ភគណបក្សឃុំជ្រាប់ថវិកា២លានរៀល, ឧបត្ថម្ភសមាជិកគណៈកម្មការបក្សស្រុក និងបក្ស ឃុំចំនួន៤១នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ៥ ម៉ឺនរៀល, ឧបត្ថម្ភយុវជនគណបក្សឃុំចំនួន៤០នាក់ ក្នុងម្នាក់ទទួល បានសារុង១ និងថវិកា៣ម៉ឺនរៀល និងឧបត្ថម្ភសមាជិកគណបក្សឃុំចំនួន១៧០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា២ម៉ឺនរៀលផងដែរ៕