(ភ្នំពេញ)៖ និស្សិតមួយក្រុម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី១៣ ខែកក្កដានេះ បានរៀបចំកម្ម វិធីបញ្ចប់ការសិក្សា Mock Graduation Ceremony របស់ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ (IBM) ជំនាន់ទី ៨ ក្រោយបញ្ចប់ការសិក្សាឆ្នាំ២០២១-២០២៥ ដោយជោគជ័យ។

លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំដោយ និស្សិត ៥រូប ដែលលើកយកគម្រោងមួយនេះ មករៀបចំដើម្បីបញ្ចប់ការសិក្សារបស់ខ្លួន ។ ជាមួយផែនការរៀបចំរយៈពេល ៣ខែ លោកបានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំកម្មវិធី Mock Graduation Ceremony របស់និស្សិតខ្លួន ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ដោយបន្សល់នូវអនុស្សាវរីយ៍ល្អៗជាច្រើន សម្រាប់និស្សិតរួមជំនាន់ ព្រមទាំងសិស្សច្បងទៀតផង។

មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏បានផ្តល់នូវកិត្តិយសសម្រាប់គ្រូបង្រៀន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្មីៗថា គ្រូបង្រៀនមិនអាចក្លាយជាមហាសេដ្ឋី តែគ្រូបង្រៀនអាចក្លាយជាមហាសេដ្ឋីកិត្តិយស តាមរយៈការបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយមានសក្តានុពល។ រីឯអាណាព្យាបាលនិស្សិត ក៏មានមោទនភាព ចំពោះកូនៗរបស់ខ្លួន ដែលខំប្រឹងសិក្សារហូតទទួលបានជោគជ័យ ហើយត្រៀមចេញប្រកបការងារ អាជីវកម្ម ក៏ដូចជាបន្តការសិក្សា ទាំងក្នុង និងក្រៅប្រទេសផងដែរ។

លោកថា ធម្មតាសាកលវិទ្យាល័យរដ្ឋ តែងរៀបចំកម្មវិធីបញ្ចប់ការសិក្សាផ្លូវការរៀងរាល់ ១ឆ្នាំម្តង ឬ ២ឆ្នាំម្តង ឬ ៣ឆ្នាំម្តង តែដោយមានការឯកភាពគ្នាពីក្រុមនិស្សិតដេប៉ាតឺម៉ង់ IBM ជំនាន់ទី៨ ពួកគេបានមូលមតិ និងកៀគរថវិកាគ្នា រៀបចំកម្មវិធីខាងលើ ព្រោះបើរង់ចាំដល់កម្មវិធីផ្លូវការ ពួកគេអាចនឹងខកខានមកទទួលសញ្ញាបត្រ ដ្បិតក្រោយបញ្ចប់ការសិក្សានេះ មាននិស្សិតខ្លះ ត្រូវចេញទៅបន្ដការសិក្សានៅចិន អាមេរិក និងប្រទេសផ្សេងៗ ។ ដូច្នេះពូលគេ ពិតជារំភើបរីករាយ ដែលរៀនចប់ភ្លាម បានទទួលសញ្ញាបត្រភ្លាម ហើយបានថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូ មិត្តភ័ក្ត្រ និងក្រុមគ្រួសារបែបនេះ។

កញ្ញា សួន ពិសី តំណាងក្រុមនិស្សិតរៀបចំកម្មវិធីខាងលើ បានសម្ដែងសេចក្ដីសោមនស្សរីករាយ ក្នុងនាមក្រុមនិស្សិតដំបូង ដែលបានរៀបចំកម្មវិធីបញ្ចប់ការសិក្សាប្រចាំដេប៉ាតឺម៉ង់នេះឡើង ។ កញ្ញាថា គោលបំណងនៃការរៀបចំកម្មវិធីនេះ ក្នុងជំហរជារួម គឺចង់ឲ្យមិត្ដភ័ក្ដ្ររួមជំនាន់ បានទទួលសញ្ញាបត្រ និងថតរូបអនុស្សាវរីយ៍តកូនតចៅ ព្រោះធម្មតាសាលារដ្ឋ ច្រើនឆ្នាំទើបរៀបចំកម្មវិធីផ្លូវការម្ដង ហើយជ្រើសរើសតែនិស្សិតឆ្នើម មិនអាចរាប់ពាន់នាក់ឡើងទទួលទាំងអស់ទេ ។ ដូច្នេះពួកគេពិតជាមានមោទនភាព ចំពោះកម្មវិធីដែលបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការសាទរពេលនេះ។

ជាមួយគ្នាកញ្ញា ជី នីតា និងកញ្ញា គ្រួច ជាទូច និស្សិតទើបបញ្ចប់ការសិក្សាជំនាញ IBM ជំនាន់ទី៨ ហើយទទួលបានអាហាររូបករណ៍បន្ដការសិក្សានៅចិន និងអាមេរិក បានសម្ដែងការសប្បាយរីករាយ ចំពោះការផ្ដួចផ្ដើមគំនិត ក៏ដូចជាការគាំទ្ររៀបចំនូវកម្មវិធីនេះឡើង ។ មុនឃ្លៀតឆ្ងាយពីមិត្ដភ័ក្ដ្រ និងក្រុមគ្រួសារ ទៅបន្ដការសិក្សាក្រៅប្រទេសនាពេលឆាប់ៗខាងមុខ ពួកគេពិតជាមានមោទនភាព និងបានចាត់ទុកកម្មវិធីនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ក៏ដូចជាការរឹតចំណងមិត្តភាព សាមគ្គីភាព និងរក្សាទំនាក់ទំនងល្អជាយូរអង្វែងផងដែរ។

ឆ្លៀតឱកាសនោះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ បានរំឮកថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបង្កើតឡើង តាំងពីទសវត្សរ៍៦០ ដោយស្នាមព្រះហត្ថរបស់ព្រះបរមរតណកោដ្ឋ គ្រានោះក៏មានមហាវិទ្យាល័យពាណិជ្ជកម្មដែរ តែសោកស្ដាយ ដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រោយឆ្នាំ១៩៧៥ មហាវិទ្យាល័យទាំងអស់ ត្រូវបានផ្អាក ។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយកម្ពុជាមានសន្ដិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ទើបសាលារៀបចំដេប៉ាតឺម៉ង់ IBM ឡើងវិញ នៅឆ្នាំ១៩៩៩ តែបន្ទាប់ពីដំណើរការបាន ២ជំនាន់ ដោយសារកង្វះធនធានក៏ផ្អាកទៅវិញ ។

រហូតដល់ឆ្នាំ២០១៤ ដោយមានការជ្រោមជ្រែងពីលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ RUPP ដែលខិតខំពង្រឹងកម្មវិធីសិក្សា និងគុណភាពអប់រំគ្រប់មុខជំនាញ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ទើបផ្ដល់ឱកាសឲ្យលោកគ្រូអ្នកគ្រូ រៀបចំបើកដំណើរការតេប៉ាតឺម៉ង់ IBM ឡើងវិញ។ មកដល់បច្ចុប្បន្ន ជំនាញមួយនេះ ដំណើរការបាន ១១ជំនាន់ហើយ ដែលកំពុងទាក់ទាញនិស្សិតចុះឈ្មោះសិក្សាយ៉ាងច្រើនចន្លោះពី ៦០០ ទៅ ៧០០នាក់ ហើយសាលាបានប្រឡងយកនិស្សិតពី ៣០០ ទៅ ៤០០នាក់ចូលរៀងរាល់ឆ្នាំ។

លោកបន្ដថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ជេត ជាលី បច្ចុប្បន្នសាកលវិទ្យាល័យ បាននឹងកំពុងពង្រឹងគុណភាពសិក្សាកាន់តែល្អប្រសើរ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល រហូតសាកលវិទ្យាល័យ បានធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យល្បីៗជាច្រើនលើពិភពលោក ក្នុងនោះក៏មានកិច្ចសហការផ្នែកដេប៉ាតឺម៉ង់ IBM ដោយបានបញ្ជូននិស្សិតទៅបន្ដការសិក្សានៅក្រៅប្រទេសរៀងរាល់ឆ្នាំ ជាក់ស្ដែងក្រោយបញ្ចប់ការសិក្សាឆ្នាំ២០២១-២០២៥ នេះ មាននិស្សិត ៦រូប បានទទួលអាហាររូបករណ៍ទៅសិក្សានៅចិន និងម្នាក់ បានទៅសិក្សានៅអាមេរិក។

លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ បន្ថែមទៀតថា ការខិតខំប្រឹងបណ្ដុះបណ្ដាលនិស្សិតរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ មិនត្រឹមតែជាការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពសម្រាប់ការប្រកួតប្រជែងក្នុងការសិក្សា ការងារ អាជីវកម្ម ពាណិជ្ជកម្មនោះទេ តែក៏ជាការប្រកួតប្រជែង ទាំងកម្រិតតំបន់ ទ្វីប រហូតដល់ពិភពលោក ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ស្របតាមតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខផងដែរ៕