(កំពង់ធំ)៖ ក្នុងឱកាសដឹកនាំសហការី ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពខ្មែរនៅជួរមុខភ្នំដងរែក តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់ថ្មដូន លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា ការចុះសួរសុខទុក្ខលើកទឹកចិត្តកងទ័ពជួរមុខព្រំដែន គឺជាការលើកកម្ពស់ស្មារតីជាតិនិយមក្នុងនាមសមរភូមិក្រោយ។

លោកបានបន្តថា ក្នុងការសម្រាលបន្ទុកឬការលំបាកផ្សេងៗ និងលើកទឹកចិត្តវីរកងទ័ព ដែលបានពលីនូវសាច់ស្រស់ឈាមស្រស់ និងកម្លាំងកាយចិត្តប្រកៀកស្មាគ្នា ការពារជាតិមាតុភូមិ ក្នុងនាមជាអ្នកសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងការការពារបូរណភាពទឹកដីដ៏ស្រស់បំព្រងទឹកដីសុវណ្ណភូមិ នៃយើងមិនឲ្យមានការរំលោភបំពាន ឬការឈ្លានពាន និងបង្កអរិភាពឥតឈរពីបរទេសណាមួយនោះឡើយ។

លោកអភិបាលស្រុក បានគាំទ្រយ៉ាងពេញទំហឹងនូវជំហរឥតងាករេ និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការនាំយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាក់តាមាន់ធំ ប្រាសាទតាក្របី និងចំណុចចុងបូកមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយព្រមទទួលយកនូវសាលក្រម ឬយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិមួយនេះផងដែរ។

លោកបានថ្លែងអំណរព្រះគុណ និងអរគុណជាអានេកដល់ព្រះមន្ត្រីសង្ឃស្រុកស្ទោង ព្រមទាំងសប្បុរជនជិតឆ្ងាយ ដែលបានឧបត្ថម្ភគាំទាំងសម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគ និងបានអញ្ជើញ និងនិមន្តចូលរួមចែកជូនផ្ទាល់ដល់កងវីរកងទ័ព នៅក្នុងឱកាសនេះ ដែលជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារជាតិមាតុភូមិ និងលើកកម្ពស់ស្មារតីជាតិនិយម។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ លោក សាយ គឹមឡម និងក្រុមការងារ រួមប្រជាពលរដ្ឋបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់វីរកងទ័ពចំនួន (៥វរសេនាតូច) ដូចជា អង្ករ ចំនួន២,២០០គីឡូក្រាម, មី៦០កេសឆៃប៉ូវ៧០គីឡូក្រាម, អន្សម១,២០០, អន្សមចាំង១០០ចង្កោម, សាច់ក្រក៥០គីឡូក្រាម, ត្រីឆ្អើ២៥គីឡូក្រាម, ត្រីងៀត៥០គីឡូក្រាម និងថវិកាមួយចំនួនទៀត៕