(កំពង់ស្ពឺ)៖ ក្រោយពីមានគណនីហ្វេសប៊ុក Dy Jäckyy បានផ្ញើវីដេអូសកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូធ្វើសកម្មភាពអូសកាំបិតផ្គាក់នៅលើផ្លូវសាធារណ: មកកាន់ផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ ដើម្បីស្រាវជ្រាវវែកមុខរកក្រុមក្មេងទំនើងនៅមូលដ្ឋាន។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីទទួបានបទបញ្ជានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង បានស្រាវជ្រាវ និងឈានទៅឃាត់ឃាតក្មេងទំនើង៨នាក់ដល់ផ្ទះ ក្នុងនោះមាន៖

*១៖ ឈ្មោះ ផន ហៃគីម អាយុ១៦ឆ្នាំ មុខរបរសិស្ស ជាអ្នកកាន់កាំបិត
*២៖ ឈ្មោះ ហ៊ុំ សុវណ្ណបរិញ្ញា ហៅញ៉ា អាយុ១៦ឆ្នាំ មុខរបរសិស្ស ជាអ្នកកាន់កាំបិតសម្ញែងតាមផ្លូវសាធារណៈ
*៣៖ ឈ្មោះ ឡេង គឹមឈុន អាយុ១៦ឆ្នាំ មុខរបរសិស្ស អ្នកឌុបទាំង២នាក់
*៤៖ ឈ្មោះ ខុន វាសនា អាយុ១៥ឆ្នាំ មុខរបរកម្មករ ជាអ្នកកាន់កាំបិត
*៥៖ ឈ្មោះ ធឿន វាសនា អាយុ១៦ឆ្នាំ មុខរបរកម្មករ ជាអ្នកកាន់កាំបិត
*៦៖ ឈ្មោះ ហ៊ន រតន: ហៅមិត្ត អាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នកឌុប
*៧៖ ឈ្មោះ អ៊ូច រ៉ាសាន់ អាយុ១៧ឆ្នាំ មុខរបរកម្មករអ្នកឌុប
*៨៖ ឈ្មោះ សោម ឡុញអាឡិច អាយុ១៧ឆ្នាំ មុខរបរសិស្ស អ្នកឌុបទាំង៤នាក់។

លោកអធិការបានបន្តថា ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានជិះម៉ូតូ អូសកាំបិតផ្គាក់ នៅលើផ្លូវកៅស៊ូភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំទោងទង កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ ជាងនេះពួកគេធ្លាប់កាន់ដាវកាំបិតផ្គាក់បង្កភាពអុកឡុកនៅតាមផ្លូវជាតិលេខ៤ផងដែរ។

លោកអធិការ បានបញ្ជាក់ថា ក្នុងស្រាវជ្រាវកម្លាំងបានឲ្យក្រុមក្មេងទំនើងបង្ហាញទីតាំងលាក់ទុកកាំបិត និងឈានទៅដកហូតបាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូ៣គ្រឿង និងទូរស័ព្ទចំនួន៥គ្រឿង ដែលជិះធ្វើសកម្មភាព។ បច្បុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕