(កំពត)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយពីការចូលរួមបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍និងសាខាប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍នៅខេត្តកំពត។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមកិច្ចសហការពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តកំពត ដែលមានអ្នកចូលរួមសរុប១៣០នាក់។

នាឱកាសនោះ លោកស្រី ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ភាគីសហការ ដោយបានលើកយកពីការករណីលាក់លួចដឹកជញ្ជូនគ្រឿងញៀន តាមបញ្ញើរប្រៃសណីយ៍ហើយត្រូវបានអាជ្ញាធរបង្រ្កាបបាន និងសារៈសំខាន់នៃចំណេះដឹងពីបញ្ហាគ្រឿងញៀនអេដស៍ ដែលអាចជួយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោក ខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពតបានលើកឡើងពីការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនជាការងារមានសារៈសំខាន់ ដោយលោកបានបញ្ជាក់ថាទោះបីបញ្ហាគ្រឿងញៀនក្នុងខេត្តកំពត មានការធ្លាក់ចុះបើប្រៀបធៀបជាមួយគ្រាមុនយ៉ាងណាក៏ដោយ ក៏រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តដាក់ចេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការងារអាទិភាពដើម្បីការពារសុវត្ថិភាពសង្គម និងបន្តយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានថ្លែងនូវអំណរគុណ និងបានចែករម្លែកចំណេះដឹងជូនដល់សិក្ខាកាមទាំងអស់ពី ផលប៉ះពាល់លើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម ការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមប្រៃសណីយ៍ និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃ NoDrug និងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និងយុទ្ធសាស្ត្រ និងវិធាននានាឆ្លើយតបនឹងមេរោគអេដស៍-ជំងឺអេដស៍ឆ្ពោះទៅការបញ្ចប់អេដស៍។

ជាមួយគ្នានេះ លោក ខាយ ឃុនហេង បានមានប្រសាសន៍ជំរុញដល់សិក្ខាកាម ដែលបានចូលរួមទាំងអស់ត្រូវយកចំណេះដឹង ដែលកើតពីកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់ពីវាគ្មិន នៃសិក្ខាសាលាទៅអនុវត្តក៏ដូចជាផ្សព្វផ្សាយបន្តដើម្បីប្រសិទ្ធភាព និងការទទួលខុសត្រូវការងារ និងសូមបន្តជំរុញការទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug សម្រាប់ស្វែងយល់និងរាយការណ៍រាល់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ ដើម្បីទទួលបានការដោះស្រាយទាន់ពេលវេលា៕