(ព្រះវិហារ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំងបុត្រា-បុត្រី បានមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រគេនទានព្រះវស្សា ទេយ្យទាន ក៏ដូចជាបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩វត្ត នៅក្នុងខេត្តកំពង់ធំ និងព្រះវិហារ (ស្រុកប្រាសាទបល្ល័ង្កចំនួន ២៧វត្ត, ស្រុករវៀងចំនួន ១វត្ត និងស្រុកជាំក្សាន្តចំនួន ១វត្ត)។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងពិធីប្រគេនទៀនព្រះវស្សានាព្រឹកមិញនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចូលរួមពិធីនមស្សការព្រះរតនត្រៃសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត វេរទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងវេរភត្តាហារប្រគេនព្រះសង្ឃទាំង ២៩វត្ត នៃស្រុកប្រាសាទបល្ល័ង្កចំនួន ២៧វត្ត, ស្រុករវៀង និងស្រុកជាំក្សាន្ត។

ការប្រគេទៀនព្រះវស្សា ជាប្រពៃណី និងជាទំនៀមទម្លាប់មួយរបស់ ប្រជា ពុទ្ធបរិស័ទខ្មែរ តែងតែធ្វើឡើងនៅមុនការចូលមកដល់នៃបុណ្យចូលព្រះវស្សា។ បុណ្យចូលព្រះវស្សាឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ១រោច ខែទុតិយាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ បុណ្យចូលព្រះវស្សាដែលមានរយៈពេលប្រមាណជា ៣ខែនេះ ជាពេលវេលាដែលព្រះសង្ឃពិបាកនិមន្តបិណ្ឌបាត្រព្រោះជារដូវភ្លៀង។ អាស្រ័យហេតុនេះហើយ ទើបប្រជាពុទ្ធ បរិស័ទខ្មែរ តែងមានការរៀបចំពិធីប្រគេនទៀនព្រះវស្សាសម្រាប់អុជបំភ្លឺ ក្នុងទីអារាម ព្រមទាំងមានការប្រគេននូវទេយ្យទានផ្សេងៗសម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា ដែលពិបាកនិមន្តបិណ្ឌបាត្រនេះ។

លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងអ្នកឧកញ៉ា គៀន ស្រីនាង ជាពុទ្ធសាសនិកដែល ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្លាំងក្លាក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។

ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលព្រះវស្សានេះ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងអ្នកឧកញ៉ា គៀន ស្រីនាង តែងតែបានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ទីអារាមនានា ដើម្បីសម្រួលដល់ព្រះសង្ឃដែលត្រូវគង់ចាំព្រះវស្សារយៈពេលបីខែ។

ក្នុងពិធីនាព្រឹកមិញនេញ លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា បានប្រគេនបច្ច័យ និងទេយ្យទានសម្រាប់១វត្ត រួមមាន៖ បច្ច័យទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត, បច្ច័យបួន, សាដក, ទៀនព្រះវស្សា, អង្ករផ្ការំដួល, ទឹកដោះគោខាប់, ត្រីខកំប៉ុង, ផ្លែឈើ និងទឹកត្រចៀកកាំ ព្រមទាំងទេយ្យទានជាច្រើនមុខទៀត។ ក្នុងនោះដែរ លោកអាចារ្យ ២៩នាក់ ដែលអញ្ជើញមកពីតាមវត្តនីមួយៗ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០រៀល។ សរុបការចំណាយលើបច្ច័យ ទេយ្យទាន និងចំណាយផ្សេងៗក្នុងពិធីប្រគេនទានព្រះវស្សានេះ អស់ថវិកាប្រមាណ ២០០.០០០.០០០ រៀល។

មនុញ្ញផលកើតចេញពីកាយវិការប្រកបធម៌នេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នក ឧកញ៉ា គៀន ស្រីនាង បានឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា និងបុព្វការីជន របស់ លោក អ្នកឧកញ៉ា និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងបុព្វការីជនរបស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន និងរបស់ពុទ្ធបរិស័ទចូលរួមទាំងអស់ ដែលបានចែកឋានទៅកាន់បរលោក។

ព្រះសង្ឃ និងតាអាចារ្យមកពីតាមបណ្តាវត្តទាំង២៩វត្ត បានសម្តែងទឹកព្រះទ័យ និងទឹកចិត្តត្រេកអររីករាយ ចំពោះសទ្ធាជ្រះថ្លារបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នក ឧកញ៉ា គៀន ស្រីនាង បុត្រា បុត្រី ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់។ សទ្ធាដ៏ជ្រះថ្លា គឺកុសលផលបុណ្យដ៏ឧដុង្គឧត្តមដម្កល់ទុកក្នុងព្រះពុទ្ធសាសនា។

សញមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ លោកអ្នកឧកញ៉ា បណ្ឌិត និង លោកជំទាវ អ្នកឧកញ៉ា ក៏បានរៀបចំបច្ច័យ និងទេយ្យទានសម្រាប់ព្រះសង្ឃចំនួន ៤វត្ត ស្ថិតនៅក្នុងស្រុកកណ្ដាល ខេត្តកណ្ដាលផងដែរ៕