(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនជាកសិករ អ្នកផលិតបន្លែផ្ទះសំណាញ់ចំនួន ១៣គ្រួសារស្មើ ៥២ខ្នងផ្ទះ ដែលមានទីតាំង ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រជាកសិករចំនួន ១៣គ្រួសារខាងលើ ពួកគាត់មកពីឃុំ និងស្រុកផ្សេងៗគ្នា ដែលខ្លះទៀតធ្លាប់ចំណាកស្រុកទៅកាន់ប្រទេសថៃ ឥឡូវពួកគាត់បានក្លាយជាកម្លាំងផលិតបន្លែដ៏សកម្មបំផុតនៅសហគមន៍ ក្នុងគម្រោងកាត់បន្ថយភាពក្រីក្រគាំទ្រ ដោយធនាគារ ARDB។

បន្ទាប់ពីបានអញ្ជើញពិនិត្យកន្លែងផលិត និងដាំដុះបន្លែផ្ទះណាញ់របស់កសិករទាំង១៣ គ្រួសារ លោកបណ្ឌិតប្រតិភូបានលើកទឹកចិត្តដល់ ប្រធានគម្រោងខេត្តពង្រីកផ្ទៃដីដាំដុះ និងបង្កើនគ្រួសារអ្នកផលិតបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ។

សូមជម្រាបថា គម្រោងកាត់បន្ថយភាពក្រីក្រ ដែលគាំទ្រដោយធនាគារ ARDB ក្រោមការផ្ដួចផ្ដើមដោយបណ្ឌិត កៅ ថាច។
គម្រោងបានចាប់ផ្ដើមដំណើរការសាងសង់ផ្ទះសំណាញ់ នាខែវិច្ឆិកា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់ផ្ទះសំណាញ់ នាអំឡុងខែឧសភា ឆ្នាំ២០២៥ ដែលមានផ្ទះសំណាញ់សរុបចំនួន ៥២ ខ្នងមានកសិករក្រីក្រចូលរួមក្នុងចំនួន ១៣ គ្រួសារ ក្នុង១ គ្រួសារទទួលបាន ៤ ផ្ទះសំណាញ់។

ទន្ទឹមនោះ គម្រោងនេះមានគោលដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបរិយាប័ន្នហិរញ្ញវត្ថុ ចូលរួមកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានតភ្ជាប់ជាមួយគ្រប់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបានលើការគ្រប់គ្រងបច្ចេកទេសដាំដុះ និងទីផ្សារពេញលេញ៕