(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្ពោធជាផ្លូវការនូវគ្លីនិកជំងឺភ្នែកស្ងួត ដោយបានបំពាក់នូវម៉ាស៊ីនទំនើបស្ដង់ដារអន្ដរជាតិ ដែលមានគុណភាពខ្ពស់ក្នុងការពិនិត្យព្យាបាល។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង។

លោកសាស្ដ្រាចារ្យ លូ លូឃាងបានថ្លែងថា «ថ្ងៃនេះខ្ញុំពិតជាមានកិត្ដិយសណាស់ ដែលបានបើកសម្ពោធជាផ្លូវការនូវគ្លីនិកភ្នែកស្ងួត ដើម្បីងាយស្រួលក្នុងការព្យាបាលជាមួយនឹងបរិក្ខារទំនើបទាន់សម័យ និងមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ស្របនឹងស្ថានភាពបច្ចុប្បន្នភាព អត្រាអ្នកមានជំងឺភ្នែកស្ងួត មានអត្រាកើនឡើងខ្ពស់ ដូច្នេះនេះនឹងជាកត្ដាមួយសំខាន់ក្នុងជំរុញដល់ការព្យាបាលកាន់តែមានគុណភាព»។

បើតាមការបញ្ជាក់របស់អ្នកឯកទេសកញ្ចក់ភ្នែក និងវះកាត់ដោយឡេសឺរ នៃមន្ទីរពេទ្យព្រះអង្គឌួង លោកវេជ្ជបណ្ឌិត តោ រេមី បានឱ្យដឹងថា ជំងឺភ្នែកស្ងួត ជាជំងឺរុំារៃដែលផ្ដល់ផលលំបាកដល់អ្នកជំងឺ ហើយប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តាមរយៈការព្យាបាលប្រើរយៈពេលយូរ។

លោកវេជ្ជបណ្ឌិតឯកទេសរូបនេះបានបន្ថែមថា «ការបង្កើតគ្លីនិកភ្នែកស្ងួតនេះ នឹងផ្ដល់នូវរោគវិនិច្ឆ័យលម្អិតជាក់លាក់ក្នុងការព្យាបាលអ្នកជំងឺដោយម៉ាស៊ីនទំនើបៗ ដែលពីមុនយើងមានត្រឹមតែថ្នាំបន្ដក់ ឥលូវយើងមានម៉ាស៊ីនទំនើបដូចប្រទេសអភិវឌ្ឍជឿនលឿន។ នេះជាភាពសមស្រប និងចាំបាច់ផងដែរ ខណៈមន្ទីរពេទ្យយើងក៏ជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់និស្សិតផ្នែកចក្ខុរោគ និងវេជ្ជបណ្ឌិតជាន់ខ្ពស់ផ្នែកកញ្ចក់ភ្នែកជាដើម»។

មូលហេតុដែលជំរុញឱ្យមានជំងឺភ្នែកស្ងួតយ៉ាងគំហុក ដោយសាររតែបច្ចេកទេសទំនើបថ្មីៗកាន់តែច្រើនឡើង អ្នកប្រើប្រាស់វាក៏ច្រើនម៉ោងក្នុងមួយថ្ងៃ ទាំងទូរស័ព្ទ កុំព្យូរទ័រ និងបច្ចេកវិទ្យាផ្សេងៗទៀត មួយទៀតគឺទាក់ទងទៅនឹងវ័យចាស់ជរា។ កាលណាអាយុកើនឡើង អត្រានៃការស្ងួតភ្នែកក៏កាន់តែកើនឡើង ជាពិសេសគឺស្ដ្រី នៅពេលដែលអស់វដ្ដរដូវ ធ្វើឱ្យបម្រែបម្រួលអ័រម៉ូនជាកត្ដាមួយដែលធ្វើឱ្យស្ងួតភ្នែក និងកត្ដាបរិស្ថានដែលនៅជុំវិញខ្លួនយើង មានធូលីដី និងផ្សែងជាដើម។ ដូច្នេះការបើកសម្ពោធគ្លីនិកភ្នែកស្ងួត ក្នុងគោលបំណងដើម្បីប្រជាពលរដ្ឋយើងទទួលបានសេវាថែទាំភ្នែកដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនយើងនៅក្នុងការរស់នៅ ដោយការប្រកបដោយការងារប្រចាំថ្ងៃមិនបង្ករឱ្យមានផលរំខានដោយសារបញ្ហាភ្នែកនេះ។

សម្រាប់នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការបម្រើសេវាសុខាភិបាលផ្នែកភ្នែក នៅក្នុងមួយថ្ងៃ ចន្លោះពី ២៥០-៣៥០នាក់ ហើយបើនៅថ្ងៃចុងសប្ដាហ៍ មានរហូតដល់ទៅ ជាង៤០០-៤៥០នាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុល កុសុម៉ា នាយករងមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា៕