(ក្រចេះ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម មេធាវី និងនិស្សិតនៅក្នុងខេត្តក្រចេះ ជាច្រើនរូប។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយនាយកដ្ឋាននីតិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ស្តីប្រតិបត្តិការដែលមានកិច្ចធានា (ឆ្នាំ២០០៧) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលជួយជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងអ្នកប្រកបរបរកសិពាណិជ្ជកម្ម អាចមានលទ្ធភាពទទួលបានឥណទានបន្ថែមដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់ចលទ្រព្យជាទ្រព្យធានា។
ស្របគ្នានេះដែរ នាយកដ្ឋាននីតិកម្មក៏បានបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា (SETFO 2.0) ដែលក្រសួងពាណិជ្ជកម្មទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ និងមានការចូលរួមធ្វើបទបង្ហាញពីមន្រ្តីជំនាញនៃនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ស្តីពីប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ និងការការពារព័ត៌មានរបស់អ្នកប្រើប្រាស់ពីការវាយប្រហារ Phishing Attack ផងដែរ៕