(ឧត្តរមានជ័យ)៖ ក្រោយធ្វើការស្រាវជ្រាវ និងសួរនាំព័ត៌មានមួយចំនួន ព្រមទាំងការឲ្យដឹងពីទាហានកម្ពុជា ដែលឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានឈុតខ្មៅម្នាក់ជាមួយបក្ខពួកស្លៀកពាក់ស៊ីវិល ដែលលបវ៉ៃកងទ័ពកម្ពុជាពីក្រោយ យ៉ាងកំសាកញី កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ គឺជាមេល្បែងជល់មាន់ដ៏ធំម្នាក់ប្រចាំខេត្តនគររាជសីមា។

សេចក្តីរាយការណ៍ បានឲ្យដឹងថា បុគ្គលរូបនេះពីមុនជាក្រុមទាហានឈុតខ្មៅបម្រើការងារនៅវរៈ៩៦៧ ក្នុងខេត្តនគររាជសីមា។ ម្នាក់នេះរស់នៅក្នុងផ្ទះរបស់ខ្លូន ដែលពោពេញដោយមាន់ជល់ និងគេល្បីឈ្មោះគ្រប់គ្នាថា ជាមនុស្សញៀនល្បែង។

ក្រោយចូលបម្រើការងារជាទាហានឈុតខ្មៅ និងពេលនេះបានបញ្ចប់ក្របខណ្ឌ តែបុគ្គលកំសាកញីម្នាក់នេះ បច្ចុប្បន្នជាប្រធានចលនាមូលនិធិឲ្យក្រុមគណបក្សប្រឆាំងនៅបាងកក ហើយក៏ជាប្រធានការិយាល័យសមាគមនអតីតយុទ្ធជននៅក្នុងស្រុកមួយ របស់ខេត្តនគររាជសីមាផងដែរ។

ជាមន្រ្តីបម្រើការងារនៅក្នុងអង្គភាពអតីតយុទ្ធជន​ តែនៅស្ថិតក្រោមទាហានឈុតខ្មៅ ហេតុដូច្នេះហើយទើបម្នាក់នេះ ស្លៀកឯកសណ្ឋានពណ៌ខ្មៅ ពេលដែលធ្វើសកម្មភាពលួចដាល់មន្រ្តីយោធារបស់យើងដោយមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនជាមុននោះ។

សេចក្តីរាយការណ៍ពីមន្រ្តីកម្ពុជានៅជួរមុខ បានបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានក្រុមប្រជាជនថៃប្រមាណ៥០០នាក់ មកតវ៉ានៅព្រំដែនទល់មុខប្រាសាទតាមាន់ធំនោះ ក៏បុគ្គលម្នាក់នេះជាអ្នកដឹកនាំមកដែរ ពីព្រោះជាប្រធានចលនាមូលនិធិឲ្យគណបក្សប្រឆាំងនៅក្រុងបាងកក។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងទាហានថៃដឹកនាំដោយមេបញ្ជាការរងភូមិភាគ២ម្នាក់ បានជួបគ្នាដើម្បីពិភាក្សាការងារមួយចំនួន និងក៏ដើម្បីបន្ធូរស្ថានការណ៍នៅតាមព្រំដែនផងដែរ។

ពេលភាគីទាំង២ កំពុងប្រជុំនោះក៏មានហេតុការណ៍នៅលើប្រាសាទតាមាន់ធំ នោះគឺមានទាហានឈុតខ្មៅ និងជនស៊ីវិលម្នាក់ទៀត បានមកសុំចាប់ដៃជាមួយលោកព្រិន្ទបាលទោ រិន រ៉ែម ជាមន្រ្តីយោធានៅវរសេនាតូចលេខ៤២២ នៃកងពលថ្មើរជើងលេខ៤២ ដែលឈាមប្រចាំការនៅលើប្រាសាទតាមាន់ធំ ហើយបានលបវ៉ៃដោយមិនដឹងខ្លួន រួចហើយរត់បាតជើងសព្រាត។

ពេលមានរឿងនេះកើតឡើងភាគីកម្ពុជា បានប្រតិកម្ម និងតវ៉ាជាមួយភាគីថៃ ហើយមេបញ្ជាការរងភូមិភាគ២ថៃ ក៏បានបញ្ជាឲ្យកម្លាំងយោធាឈុតប៉ារ៉ារបស់ខ្លួនតាមចាប់បុគ្គលទាំង២នាក់នេះបានភ្លាមៗ។

ក្រោយឃាត់ខ្លួនបានហើយ មេបញ្ជាការរងភូមិភាគ២របស់ថៃ បាននាំបុគ្គលទាំង២នាក់ មកសុំទោសទាហានរបស់យើងនៅវេលាម៉ោងជាង ៤រសៀលថ្ងៃម្សិលមិញនៅលើប្រាសាទតាមាន់ធំ បន្ទាប់ពីភ្ញៀវទេសចរទាំងសងខាងចុះពីប្រាសាទទៅវិញអស់។

ពេលនាំមកសុំទោសនោះ ជនកំសាកញីទាំង២នាក់ បានលើកដៃរញីរញ័រ និងទឹកភ្នែកហូរបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់របស់ខ្លួន តែមេបញ្ជាការរងភូមិភាគ២ថៃ បានសុំអង្វរ និងសុំការយោគយល់មិនឲ្យថតជាវីដេអូ និងរូបភាព ហើយការជួបគ្នាដែលមានម្ខាង៥នាក់ ក៏បានបញ្ចប់នៅល្ងាចថ្ងៃដដែលនោះ៕