(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ រាជធានីភ្នំពេញ បានថ្លែងថា យើងមិនអាចឲ្យពួកប្រឆាំងយកបញ្ហាអត្តសញ្ញាណបណ្ណ អត្រានុកូលដ្ឋាន ធ្វើជាអាវុធមកសម្លាប់យើងបានឡើយ។

លោកថ្លែងបែបនេះ ក្នុងពិធីសំណោះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក និងលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណបក្សខណ្ឌមានជ័យ។

នាឱកាសនោះ លោក ឃួង ស្រេង បានឱ្យលោកប្រធានភូមិនានា សង្កាត់ចាក់អង្រែលើ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសំរេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

ក្នុងនោះដែរ លោក ឃួង ស្រេង បានណែនាំដល់គណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យត្រូវតែដណ្ដើមឱ្យបានជោគជ័យ ក្នុងការបោះឆ្នាតឆ្នាំ២០២៧ និង២០២៨, ឆ្នាំ២០៣២ និង២០៣៣ ក៏គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតរហូត ដោយសារតែគណបក្រប្រជានមានមហិច្ឆិតាកាន់អំណាចជារៀងរហូត ហើយវាគ្មានគណបក្សនយោបានណាមួយ មានលទ្ធភាពដឹកនាំប្រទេសបានទេ ពីនេះដល់ឆ្នាំ២០៥០គឺមានតែគណបក្សប្រជាជនមួយគត់។

លោក ឃួង ស្រេង បានថ្លែងថា មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាពលរដ្ឋ។ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាអ្នកបំរើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងសូមឱ្យមន្ត្រីយើង យកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បំរើប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំដល់លោកមេភូមិ លោកចៅសង្កាត់ ដែលជាមន្ត្រីបក្សសង្កាត់ផងនោះ ហើយក៏ជាមន្ត្រីមូលដ្ឋាន ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យ ដែលសុទ្ធជាមន្ត្រីបក្ស ត្រូវបន្តការ យកចិត្តទុកដាក់ក្នុងការពារសន្តិសុខ សណ្ដាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឱ្យបានល្អ ជូនប្រជាពលរដ្ឋបញ្ហាសន្តិសុខនេះ សំខាន់ណាស់អ្នកណា ក៏ត្រូវការសន្តិសុខដែរ អ្នកតូច អ្នកធំ អ្នកមាន លោក ឧកញ៉ា ។ល។ ចំពោះការការពារជាតិ មាតុភូមិ ប្រជាជន ការពារសន្តិភាព និងការពាបូរណភាពទឹកដី ឬព្រំដែនមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សជាអ្នកដឹកនាំការពារហើយ។

លោក ឃួង ស្រេង បានថ្លែងនូវការអរគុណ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់លោកប្រធានភូមិទាំងអស់ ពាក់ព័ន្ធឱ្យជួយការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ភ្លើងបំភ្លឺសាធារណៈ លូ ជាដើមនៅក្នុងមូលដ្ឋាន។ លោក ឃួង ស្រេង បានឯកភាព និងទទួលយកទាំងអស់ ទៅដោះស្រាយជាបន្តបន្ទាប់ជូន ព្រោះនៅភ្នំពេញ មាន១០៥សង្កាត់ មិនអាចដោះម្ដងអស់នោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងឆ្នាំ២០២៧ ដោះស្រាយឱ្យអស់ដែរ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជន ត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថម្ភភ្លាម ដោយក្នុងនោះក៏ត្រូវមើលផងដែរ នូវមន្រ្តីរបស់ខ្លួនដែលខ្វះខាតក៏ត្រូវ ជួយឧបត្ថម្ភផងដែរ ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពារ មន្ត្រីក្នុងសង្កាត់របស់យើង ពួកគាត់ក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូរឧបត្ថម្ភពួកគាត់ផងដែរ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានចិត្តទូលាយហើយអាចទទួលយកបានគ្រប់គណបក្សផ្សេងទៀតទាំងអស់មករួមជីវភាពជាមួយដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានការឯកភាពជាតិ សាមគ្គីភាព។

លោកបានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះ នៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ។

លោកប្រធាន ក៏បានណែនាំឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ត្រូវធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ លើការងារអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ ការបម្រើសេវាធារណៈជូនពលរដ្ឋ ជាពិសេសលើការងារបង្រ្កាបបទល្មើស ក្មេងទំនើង គ្រឿងញៀន និងត្រូវធ្វើការផ្សព្វផ្សាយអំពីផែនការភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន សាលារៀន ជាដើម។ យើងមិនអាចឲ្យពួកប្រឆាំងយកបញ្ហាអត្តសញ្ញាណបណ្ណ អត្រានុកូលដ្ឋាននេះ ធ្វើជាអាវុធមកសម្លាប់យើងបានឡើយ ហើយកិច្ចការទាំងអស់នេះ យើងត្រូវធ្វើឲ្យបានដិតដល់៕