(ភ្នំពេញ)៖ កម្ពុជាបានប្រកាសជាផ្លូវការ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើតគោលនយោបាយផ្អែកលើការអនុវត្តជាក់ស្តែង និងកាន់តែឆ្លាតវៃ ជាមួយការប្រកាស ដាក់ឱ្យដំណើរការថ្នាក់ជាតិ នូវការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ជំនាន់ទីពីរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

សិក្ខាសាលាប្រកាសដាក់ឱ្យដំណើរការ RIA នេះ ដែលជាគំនិតផ្តួចផ្តើមរួមគ្នា រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរាជរដ្ឋាភិបាលកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃដំណើរកំណែ ទម្រង់លិខិតបទដ្ឋានគតិយុត្ត របស់កម្ពុជា។

កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាតំណាងមកពីក្រសួង ស្ថានទូតបរទេស អ្នកដឹកនាំធុរកិច្ច ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍។ កម្មវិធីនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំ C អាគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។

កម្មវិធីនេះ មានកិច្ចសន្ទនាកម្រិតខ្ពស់ នៃមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងអ្នកជំនាញ RIA ដើម្បីរំលេចពីតួនាទីរបស់ RIA ក្នុងការលើកកម្ពស់តម្លាភាព បរិយាកាសវិនិយោគ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។

សិក្ខាសាលានេះ បើកជាផ្លូវការដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបញ្ជាក់សារជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង RIA ជាផ្នែកអចិន្ត្រៃយ៍និងតម្រូវដោយច្បាប់មួយ នៃដំណើរការបង្កើត គោលនយោបាយរបស់ប្រទេស។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពី ដំណើរការ កំណែទម្រង់ RIA របស់ប្រទេសចាប់តាំងពីឆ្នាំ ២០០៨ មក និងការរួមចំណែករបស់ ADB ដែលជា ដៃគូយូរអង្វែងរបស់កម្ពុជា។

លោកក៏បានរំលេចអំពីមេរៀនសំខាន់ៗ ដែលបានមកពីការអនុវត្តសាកល្បង RIA កន្លងមក និង ការអនុម័តនាពេលថ្មីៗនេះនៃអនុក្រឹត្យលេខ ១៧0 (ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤) ដែលផ្តល់ជាមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ការបញ្ចូល RIA ទៅក្នុង ដំណើរការតាក់តែងច្បាប់សម្រាប់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម និងបរិស្ថាន។

កិច្ចសន្ទនាកម្រិតខ្ពស់ ដែលសម្របសម្រួលដោយលោកបណ្ឌិត Irfan Qureshi មន្ត្រីឯកទេសជាន់ខ្ពស់វិស័យសាធារណៈរបស់ ADB និងជាមន្ត្រីដឹកនាំគម្រោង RIA មានចូលរួមដោយ មន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំវិស័យឯកជន សេដ្ឋវិទូ និងអ្នកជំនាញ RIA អន្តរជាតិ រួមមានតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី, ADB, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិន ស្ត្រីកម្ពុជា។

កិច្ចសន្ទនានេះ មានលម្អិតអំពីតួនាទីរបស់ RIA ក្នុងការលើកកម្ពស់ការព្យាករគោលនយោបាយ ការកែលម្អបរិយាកាសអាជីវកម្ម និងការទាក់ទាញការវិនិយោគ។ វាសង្កត់ធ្ងន់ថា លិខិត បទដ្ឋានគតិយុត្តឆ្លាតវៃ នឹងនាំមកនូវសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង និង ការជឿជាក់លើរាជរដ្ឋាភិបាល។

លោក Anthony Robert Gill ប្រធានប្រតិបត្តិការគម្រោងរបស់ ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីភាពជាដៃគូរយៈពេល១៥ឆ្នាំ របស់ ADB ជាមួយប្រទេសកម្ពុជា ក្នុងការងារ RIA ហើយបានបញ្ជាក់ជាថ្មី នូវការគាំទ្រជាបន្តតាមរយៈក្របខ័ណ្ឌច្បាប់ វេទិកាឌីជីថល និងគំនិតផ្តួចផ្តើមទាក់ទងនឹងការកសាងសមត្ថភាពផ្សេងៗ។

ភាពជឿនលឿនផ្នែកស្ថាប័នគន្លឹះៗ ត្រូវបានរំលេច ដោយរួមមានការបង្ហាញ ក្រសួងជើងឯកចំនួនប្រាំ សម្រាប់បង្កើតក្រុម RIA អចិន្ត្រៃយ៍, មូលដ្ឋានទិន្នន័យ e-RIA ដែលប្រមូលផ្តុំ គំរូអនុវត្តន៍, និងវេទិកាសិក្សាតាមអនឡាញថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការ អនុវត្តទូលំទូលាយមួយ។

កំណែទម្រង់ RIA របស់កម្ពុជាបច្ចុប្បន្ន នឹងមានមូលដ្ឋានគ្រឹះច្បាប់ ដោយតម្រូវឱ្យក្រសួងនានាដាក់ជូននូវកំណត់ចំណាំ ការពិគ្រោះជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃផលប៉ះពាល់ មុនពេលធ្វើសេចក្តីព្រាងច្បាប់សម្រាប់វិស័យសំខាន់ៗ។

ចាប់តាំងពីឆ្នាំ ២០០៨ មក ADB បានគាំទ្រដល់ដំណើរការរបស់កម្ពុជា ក្នុងការអនុវត្តសាកល្បង RIA ការបណ្តុះបណ្តាលមន្ត្រីជាង១,៣០០នាក់ និងការអភិវឌ្ឍធនធានបច្ចេកទេស និងច្បាប់។ ភាពជាដៃគូនេះ កំពុងពង្រីក ដើម្បីគាំទ្រដល់ការពង្រឹងស្ថាប័ននៅទូទាំងប្រទេស។

ប្រព័ន្ធ e-RIA ថ្មីនឹងកាត់បន្ថយការចំណាយ ធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងជួយ សម្រួលការរៀនសូត្រជាក់ស្តែង តាមរយៈវេទិកាអនឡាញ ដោយជំនួសវិធីសាស្រ្ត បែបប្រពៃណីដែលមិនសូវមានប្រសិទ្ធភាព៕